ដោយវុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនING Holding បានអះអាងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងបន្តសម្រុកចាក់បំពេញតួមហាវិថី ឈុន គង់ មួយផ្នែកទៀតប៉ែកខាងកើត នៃចំណុចប្រសព្វមហាវិថីសម្ដេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ឆ្ពោះទៅកាន់ផ្លូវជាតិលេខ២ ដែលរហូតមកដល់ពេលនេះ ស្ទើតែសម្រេច ១០០ភាគរយ។

ក្រុមហ៊ុន ING Holding បានឱ្យដឹងកាលពីពេលថ្មីៗនេះថា បន្ទាប់ពីសម្រេចបានប្រមាណ៩០ភាគរយ នៃការចាក់បំពេញតួផ្លូវពីចំណុច ប្រសព្វមហាវិថីសម្ដេច ហ៊ុន សែន ឆ្ពោះទៅផ្លូវជើងឯក(ផ្លូវលេខ២១៧) ដែលកំពុងបន្តការដោះស្រាយផលប៉ះពាល់ ដើម្បីឈានទៅរកការសម្រេច នៃការស្ថាបនាមហាវិថីដ៏សំខាន់នេះចប់ជាស្ថាពរ ដាក់ឱ្យប្រើប្រាស់ជាសាធារណៈ។
ក្រុមហ៊ុនបន្តថា ក្រុមហ៊ុន អ៊ីអនម៉ល របស់ប្រទេសជប៉ុន បានចាប់ផ្ដើមការសាងសង់គម្រោងផ្សារទំនើបខ្នាតយក្សទី៣របស់ខ្លួន នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City ទន្ទឹមគ្នាជាមួយនឹងដំណើរការ នៃការស្ថាបនាមហាវិថីឈុន គង់ របស់ក្រុមហ៊ុន ING Holding ។
ទីក្រុងរណប ING City របស់ក្រុមហ៊ុន ING Holding កំពុងមានសន្ទុះខ្លាំងលើវិស័យអចលនទ្រព្យ រួមមានសំណង់លំនៅដ្ឋាន បុរី ខុនដូ អគារពាណិជ្ជកម្ម និងសាលារៀនអន្តរជាតិជាដើម។ បច្ចុប្បន្ន មិនត្រឹមតែផ្សារទំនើបអ៊ីអនម៉លមួយប៉ុណ្ណោះទេ ដែលបានចាប់ផ្តើម ប៉ុន្តែនៅមានផ្សារទំនើបធំៗចំនួន២ទៀត ក៏កំពុងដំណើរការសាងសង់យ៉ាងមមារញឹកផងដែរ គឺផ្សារទំនើប PH Diamond Place និងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល៕






