អ្នកអភិវឌ្ឍន៍អះអាងពីគុណភាពសំណង់នៅក្នុងរដូវវស្សាកាន់តែមានភាពរឹងមាំ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ផ្ទុយពីការលើកឡើងដែលបង្ហាញក្ដីព្រួយបារម្ភរបស់អតិថិជនមួយចំនួនទៅលើគុណភាពសំណង់ក្រោយការជួបគ្រោះជំនន់នៅតាមបណ្តាការដ្ឋានសាងសង់លំនៅដ្ឋាន ជាពិសេសនៅតំបន់ជាយរាជធានីភ្នំពេញដែលកំពុងបន្តជន់លិចនោះ អ្នកអភិវឌ្ឍន៍នៅក្នុងវិស័យនេះបានអះអាងថា មិនមានការប៉ះពាល់ទៅលើគុណភាពសំណង់នោះទេ ប៉ុន្តែវាបានបង្កើនភាពរឹងមាំនៃសំណង់កាន់តែល្អ។

អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ច័ន្ទឌី ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាននៅតំបន់ជាយក្រុងមួយរូបបានអះអាងនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះថា ចំពោះបញ្ហាដែលអតិថិជនបានលើកឡើងខាងលើនេះ វាមិនមែនជាក្ដីកង្វល់ ឬជះឥទ្ធិពលអាក្រក់ដល់គុណភាពសំណង់នោះទេ។ ផ្ទុយទៅវិញ មានតែជួយបង្កើននូវគុណភាពគ្រឹះសំណង់ឱ្យកាន់តែរឹងមាំ។

លោក ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍ថា “ការជន់លិចនេះមិនមែនជាបញ្ហាធំដុំនោះទេ ព្រោះវាគ្រាន់តែជាព្រឹត្តិការណ៍ដែលកើតមានក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ នៅតាមតំបន់មួយចំនួនបានស្រកទៅវិញជាបណ្តើរៗហើយ”។ លោកបន្តថា “ពាក់ព័ន្ធទៅនឹងក្ដីព្រួយបារម្ភទៅលើគុណភាពសំណង់ រឹតតែមិនគួរឱ្យគិត ផ្ទុយទៅវិញគឺមានតែជួយបង្កើននូវគុណភាពសំណង់ឱ្យកាន់តែរឹងមាំ ជាពិសេសគ្រឹះសំណង់ ដោយសារមានភាពឆ្អែតនឹងទឹក ដីកាន់តែហាប់ណែន”។

លោកបានបញ្ជាក់ថា “ការសាងសង់នៅតែបន្តសកម្មភាព លើកលែងតែជាប្រភេទការងារបេតុង ដែលត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារកត្តាអាកាសធាតុ ព្រោះការចាក់បេតុងមិនត្រូវធ្វើពេលមានភ្លៀងធ្លាក់ខ្លាំងនោះទេ។ អតិថិជនមិនមានការខាតបង់នោះទេ ផ្ទុយទៅវិញអ្នកខាតបង់អាចជាអ្នកអភិវឌ្ឍន៍ដោយសារការអូសបន្លាយពេលវេលាក្នុងការសាងសង់។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំនៅតែបញ្ជាក់ថា កត្តាទាំងអស់នេះមិនមែនជាបញ្ហាធំសម្រាប់សំណង់លំនៅដ្ឋាននោះទេ ដោយឡែកទាំងការសាងសង់ ទាំងការលក់ គឺនៅតែបន្តរក្សាបាននូវស្ថានភាពល្អដដែល គ្មានការប្រែប្រួលនោះទេ”។

LEAVE A REPLY

Please enter your comment!
Please enter your name here