កម្ពុជារកចំណូលបានជាង ២៧០លានដុល្លារ ពីការនាំចេញដំណាំកៅស៊ូ ក្នុងរយៈពេល ៩ខែ

0

ដោយ ហ្សូលី

ភ្នំពេញ៖ កម្ពុជាទទួលបានថវិកាបានសរុបជាង ២៧០លានដុល្លារ ពីការនាំចេញដំណាំកៅស៊ូ ក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២០នេះ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ។

របាយការណ៍បានបញ្ជាក់ថា នៅរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូបាន២០៩,៨១៩តោន កើនឡើង២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ កន្លងទៅ។

របាយការណ៍ដដែលបន្តថា ក្នុងរយៈពេល៩ខែមកនេះតម្លៃជ័រកៅស៊ូជាមធ្យមមានតម្លៃ ១,២៩២ដុល្លារក្នុង១តោន។

អគ្គនាយកដ្ឋានកៅស៊ូបានឲ្យដឹងទៀតថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីផលិតផលជ័រកៅស៊ូចំនួន ៤០២,៣១៣ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រ ចំនួន២៩០,០០៧ហិកតា ស្មើនឹង៧២ភាគរយ និងផ្ទៃដីថែទាំមានចំនួន ១១២,៣០៦ហិកតាស្មើនឹង២៨ភាគរយ។ ជារួមចំណូលបានពីការនាំចេញជ័រកៅស៊ូ ៩ខែឆ្នាំ២០២០នេះ មានជាង២៧០លានដុល្លារអាមេរិក។

កាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត ៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ទីផ្សារក្រោប្រទេសជាច្រើនដូចជា ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី។

យោងតាម អ្នកជំនាញ ក្នុង វិស័យ កៅស៊ូ បានឱ្យដឹងថា តម្លៃជ័រកៅស៊ូកំពុងហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ចាប់ពីដើមខែតុលានេះ ដោយសារតែតម្រូវការវត្ថុធាតុដើម ក្នុងវិស័យឧស្សាហកម្មដែលងើបឡើងវិញ ក្រោយភាពយឺតយ៉ាវបង្កឡើងដោយការឆ្លងរាតត្បាតជំងឺកូវីដ ១៩ ស្របជាមួយប្រទេសផលិតជ័រកៅស៊ូជាច្រើនកំពុងរងគ្រោះដោយសារទឹកជំនន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here