ដោយវុត្ថា
ភ្នំពេញៈ អ្នកជំនាញមើលឃើញថា រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ មានចក្ខុវិស័យច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍នៅតានតំបន់ជាយក្រុង ស្របតាមផែនការនិងប្លង់គោលប្រើប្រាស់ដីឆ្នាំ២០៣៥ ខណៈដែលបច្ចុប្បន្ននេះ តំបន់ជាយក្រុងភ្នំពេញ បាននឹងកំពុងមានការរីកចំរើន លើគម្រោងអភិវឌ្ឍន៍លំនៅឋាន បុរី និងរោងចក្រសហគ្រាសជាច្រើន។
លោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានប្រាប់គេហទំព័រ Propertyea.asia កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាល មានគោលការណ៍របស់ខ្លួនក្នុងអភិវឌ្ឍន៍ ជាយក្រុងឱ្យមានការរីកចំរើន ទាំងការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដោយមិនមានការទុកចោលនោះទេ ។
លោកស្រីថ្លែងថា “រដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ បានដាក់ចេញផែនការអភិវឌ្ឍន៍ដែលនៅកៀកនឹងទីក្រុងបំផុត ដែលមានចំងាយប្រមាណ២០គីឡូ ឬ១៥ គីឡូពីកណ្តាលក្រុង” ។ លោកស្រីបន្តថា “រដ្ឋាភិបាលបាននិងកំពុងកសាងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឱ្យមានផ្លូវខ្វាត់ខ្វែង ក្នុងការសម្រួលដល់ចរាចរណ៍ចេញចូលបាន និងមួយទៀតធ្វើឱ្យក្រុមហ៊ុនអាចធ្វើការផ្លាស់ទីមានភាពងាយស្រួល” ។
លោកស្រីបន្ថែមថា ការអភិវឌ្ឍន៍នៅតាមជាយក្រុង បើទោះបីជាមិនទាន់ល្អដូចនៅកណ្តាលក្រុង ដែលមានអគារពាណិជ្ជកម្ម និងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ប៉ុន្តែសម្រាប់ជាយក្រុងក៏មានដូចគ្នាផងដែរ ដោយសារតែរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងអភិវឌ្ឍន៍ ដើម្បីឱ្យជីវភាពរបស់ប្រជាជនកាន់តែប្រសើរដូចនៅណ្តាលក្រុង។
លោកស្រីបញ្ជាក់ទៀតថា “យ៉ាងណាក៏ដោយ យើងមើលឃើញថា ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលមានគ្រប់ទីកន្លែង មិនថាជាយក្រុង ឬកណ្តាលក្រុងនោះទេ ដើម្បីធ្វើយ៉ាងមិចឱ្យមានចរន្តសេដ្ឋកិច្ច និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចេញចូលកាន់តែល្អប្រសើរ” ។
ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ធ្លាប់បានឱ្យដឹងថា នៅតំបន់ជាយក្រុងមិនថា តំបន់ណា ឬទីកន្លែងណានោះទេ គឺមានការការីកចំរើនទាំងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍លើវិស័យសំណង់ផ្សេង ៗ ព្រោះនៅពេលតំបន់កណ្តាកក្រុង កាន់តែមានការអភិវឌ្ឍ មនុស្សចូលមកធ្វើពាណិជ្ជកម្ម ឬជំនួញកាន់តែច្រើន វានឹងធ្វើឱ្យក្រុងកាន់តែពង្រីកវិសាលភាពរបស់ខ្លួន។
លោកឧកញ៉ាបន្តទៀតថា“នៅពេលក្រុងកាន់តែពង្រីកវិសាលភាព ឱ្យកាន់តែទូលាយ នោះតំបន់ជាយក្រុងនឹងមានតម្រូវការអភិវឌ្ឈ។ លោកឧកញ៉ាបន្ថែមទៀតថា “ដោយសារការអភិវឌ្ឍមានសន្ទុះយ៉ាងលឿន បានជម្រុញតម្លៃដីនៅតំបន់ជាយក្រុង ពិសេសមានការកើនឡើង” ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងដែរថា ការអភិវឌ្ឍរាជធានីភ្នំពេញ កំពុងដើរតាមផែនការមេ នៃប្លង់គោលអភិវឌ្ឍន៍ក្រុងឆ្នាំ២០១៥ ២០៣០ ដែលរាជរដ្ឋាភិបាលបានអនុម័ត ហេតុនេះគំរោងវិនិយោគនានាទាំងរបស់រដ្ឋាភិបាល និងរបស់វិស័យឯកជនត្រូវតែដើរតាមផែនការមេ ដែលបានដាក់ចេញ ។
លោកបន្តថា “តំបន់មួយចំនួននៅតាមជាយក្រុង ដូចជាភាគខាងត្បូងរាជធានី រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីជំរុញឱ្យការអភិវឌ្ឍតំបន់នេះធ្វើឡើងប្រកបដោយចីរភាព និងឆ្លើយតបកំនើនរីកចម្រើនយ៉ាងឆាប់រហ័ស” ៕