ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសគុយបា តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានបង្ហាញពីការកោតសរសើរចំពោះកិច្ចអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាទៅលើហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេស ការរៀបចំនគរូបនីយកម្មនៅទូទាំងរាជធានីភ្នំពេញ ដែលកំពុងមានសោភ័ណភាព និងរីកចម្រើន។

ឯកអគ្គរដ្ឋទូតនៃប្រទេសគុយបាប្រចាំនៅកម្ពុជា លោកស្រី Liurka Rodriguez Barrios ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញពីការកោតសរសើរ និងក្ដីជឿជាក់ថា កម្ពុជានៅតែបន្តការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដោយរលូនជាបន្តបន្ទាប់ទៀត។
លោកស្រីបានបញ្ជាកើថា “កម្ពុជា ក៏ជាប្រទេសគំរូមួយដែលទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងរាតត្បាតកូវីត១៩ ដែលកំពុងរីករាលដាលនៅតាមបណ្ដាប្រទេសនៅពាសពេញពិភពលោក”។
លោកស្រីបន្តថា “ខ្ញុំសង្កេតឃើញថា ការរៀបចំនគរូបនីយកម្មនៅក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា គឺពិតជាមានការអភិវឌ្ឍរីកចម្រើនជឿនលឿនធំអស្ចារ្យខុសពីអ្វីដែលលោកជំទាវធ្លាប់បានឮពីមុនមក។ ម្យ៉ាងទៀត ឆ្នាំ២០២០នេះជាឆ្នាំនៃខួបគម្រប់ ៦០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងគុយបាដូច្នេះហើយភាគីគុយបានឹងរៀបចំកម្មវិធីជាច្រើនទាក់ទិននឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបា ដោយក្នុងនោះស្ថានទូតគុយបាកំពុងតែខិតខំរិះរកមធ្យោបាយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា ហើយនឹងស្វះស្វែងជួបជាមួយបណ្ដាក្រសួងស្ថាប័ននានា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា បេសកកម្មរបស់ក្រសួងរៀបចំដែនដី រួមមានដូចជាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេសដែលផ្ដល់នូវសុវត្ថិភាពដីធ្លីជូនម្ចាស់កម្មសិទ្ធិ ការគៀងគរវិនិយោគទុនក្នុងវិស័យដីធ្លី ការបង្កើនចំណូលពន្ធរដ្ឋ និងការកាត់បន្ថយឈានទៅដល់ការបញ្ចប់បញ្ហាវិវាទដីធ្លីទូទាំងប្រទេស ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅតាមបណ្ដារាជធានីខេត្តឲ្យបានឆាប់រហ័ស ការគ្រប់គ្រងវិស័យសំណង់ និងការថែរក្សាតំបន់ឆ្នេរជាដើម។
ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការខូចខាត និងផលប៉ះពាល់ផ្សេងៗ ដែលបង្កឡើងដោយសារគ្រោះទឹកជំនន់មួយរយៈពេលកន្លងមកថ្មីៗនេះ ដែលក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់បានទាន់ពេលវេលានោះ មកទល់ពេលនេះស្ថានភាពគ្រោះទឹកជំនន់ក៏បានធូរស្រាលឡើងវិញហើយ។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្វីដ្បិតតែកាលពីពេលកន្លងទៅ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មិនធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសគុយបាកន្លងមកនោះក៏ពិតមែន ប៉ុន្តែក្នុងឱកាសនេះក្រសួងក៏នឹងខិតខំរិះរកមធ្យោបាយដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយ និងស្ថានទូតគុយបាផងដែរ៕





