ដោយៈ រ៉ាណេត
ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ នឹងត្រូវសាងសង់ឡើងដោយអង្គភាពចំនួន៦ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព និងបញ្ចប់គម្រោងបានទាន់ពេលវេលាតាមការគ្រោងទុក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំពិភាក្សាលើការងារ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០នេះ ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
លោកបន្តថា “ដើម្បីទទួលបានផ្លូវមានគុណភាព ស្របតាមស្តង់ដារបច្ចេកទេស និង បញ្ចប់គម្រោងតាមការគ្រោងទុក ភាគីពាក់ព័ន្ធទាំងអស់ទាំងរដ្ឋ ក៏ដូចជា ផ្នែកឯកជនក្តី ត្រូវសហការគ្នាឱ្យបាន ជិតស្និទ្ធក្នុងទិសដៅតែមួយ” ។ លោកបន្តថា “យើងសាងសង់ផ្លូវឱ្យមានប្រសិទ្ធភាពនិងគុណភាពរឹងមាំ និងបញ្ចប់ គម្រោងតាមផែនការ ដោយប្រើប្រាស់សម្ភារមានស្តង់ដារ និងការផ្គត់ផ្គង់សម្ភារៈបានទាន់តម្រូវការផងដែរ” ។
លោកស៊ុនចាន់ថុល បញ្ជាក់ទៀតថា ប្រសិនបើអង្គភាពសាងសង់ណាមួយត្រូវបានរកឃើញថា ហេដ្ឋារចនាសម្ព័ន្ធសំណង់របស់ខ្លួន មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬសៀវភៅបន្ទុក អង្គភាពនោះនឹងមិនទទួលបានការទូទាត់ប្រាក់ ជាដាច់ខាត។
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ គ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា។ គំរោងនេះនឹងប្រើប្រាស់ថវិកាសន្សំរបស់រដ្ឋចំនួន ១៥០លានដុល្លារអាមេរិក។
បើតាមលោក ស៊ុន ចាន់ថុល កិច្ចប្រជុំពិភាក្សាលើការងារស្ថាបនាហេដ្ឋារចនាស ម្ព័ន្ធផ្លូវថ្នល់នៅក្រុងសៀមរាប ខេត្តសៀមរាប ធ្វើឡើងដើម្បីពិភាក្សាឱ្យបានយល់កាន់តែច្បាស់អំពីតម្រូវការ គោលជំហរ និងគោលការណ៍ នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានគុណភាពរឹងមាំ ក៏ដូចជានីតិវិធីនៃការផ្គត់ផ្គង់ ការទូទាត់ថ្លៃ សម្ភារៈ និងការជ្រើសរើសសម្ភារៈសាងសង់ប្រកបដោយស្តង់ដារ តាមអនុសាសន៍ណែនាំរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕