ដោយវុត្ថា
ភ្នំពេញៈ តំបន់ព្រៃ “ស” បាននឹងកំពុងទាក់ទាញ គម្រោងវិនិយោគលើវិស័យលំនៅឋាន ជាច្រើនប្រភេទ រាប់ចាប់គិតពីចំណុចផ្លូវបំបែកស្ដុបចំការដូង ឆ្ពោះទៅកាន់វត្តព្រៃសមិនតិចជាង១០គម្រោងនោះទេ និងបានប្រែក្លាយមកជាតំបន់នេះ ឱ្យមានប្រជាប្រិយភាព និងមានសក្ដានុពលខ្ពស់។

-->
សហស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងលំនៅដ្ឋានបែបបុរី ហេង ណា លោក សាវុធ ដាណា បានប្រប់គេហទំព័រ Propertyarea.asia ឱ្យដឹងកាលពីពេលថ្មីនេះថា តំបន់ព្រៃសបច្ចុប្បន្ននេះមានគម្រោងបុរីធំៗ លំនៅឋាន មិនក្រោម១០នោះទេ ដែលកំពុងតែធ្វើសកម្មភាពអភិវឌ្ឍន៍យ៉ាមមាញឹក និងមានគម្រោងផ្សេងៗជាច្រើនទៀត។
លោកបន្តថា “តំបន់នេះមានការប្រែប្រួល មកជាតំបន់មានការអភិវឌ្ឍន៍បណ្តុំលំ នៅឋានក្នុងរយៈពេលដ៏ខ្លីនេះ ក៏ព្រោះតែមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានា ជាច្រើន របស់រដ្ឋាភិបាល បានបញ្ចប់ការសាងសង់ជាស្ថាពរ ដូចជាផ្លូវថ្នល់តូចធំក្នុងតំបន់ ការតភ្ជាប់បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ដែលអនុវត្តទៅតាមផែនការមេរបស់រដ្ឋបាលក្រុង” ។
លោកបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលកាន់តែធ្វើឱ្យតំបន់ព្រៃ “ស”កាន់តែមានសក្ដានុពល និងប្រជាប្រិយភាពក្នុងការវិនិយោគរួមមាន ដូចជា មហាវិថីសម្ដេចតេជោ៦០ម៉ែត្រ មហាវិថី៥០ម៉ែត្រ ផ្លូវ៣០ម៉ែត្រ រួមជាមួយនឹងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី២ ខណៈដែលគម្រោងនៃការសាងសង់ ព្រលានយន្តហោះភ្នំពេញ-អន្តរជាតិថ្មី ត្រូវបានប្រកាសឡើងផងដែរ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វិរៈ បានមានទទួលស្គាល់នូវភាពរីកចម្រើន និងសន្ទុះនៃការអភិវឌ្ឍគម្រោងលំនៅដ្ឋានជាច្រើននៅតំបន់ខាងលើនេះ ដោយលាកបានអះអាងថា រាល់គម្រោងអភិវឌ្ឍន៍នានាសុទ្ធតែត្រូវបានសិក្សាពីគម្រោង និងផែនការរបស់រដ្ឋាភិបាល ជាពិសេសនៅពេលដែលមានលំហូរប្រជាជនចូលទៅរស់នៅកាន់តែច្រើន។
លោកបន្តថា “វត្តមានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលចូលទៅកាន់តំបន់ខាងលើនេះនៅមិនទាន់គ្រប់គ្រាន់នោះតែ ដែលនឹងមានគម្រោងថ្មីៗចូលបន្ថែមទៀត នៅពេលខាងមុខនេះ ដោយសារតែទីតាំងតំបន់មានភាពល្អប្រសើរ ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្ម” ។

បច្ចុប្បន្ននេះ ចំពោះតម្លៃដីធ្លីនៅក្នុងសង្កាត់ព្រៃស មានការហក់ឡើងខ្ពស់ ពោលគឺកាលបីប្រមាណ២ឆ្នាំមុន ដីដែលស្ថិតនៅជាប់ផ្លូវ៣០ម៉ែត្រ មានតម្លៃក្នុងចន្លោះចាប់ពី ៣៥០-៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬលើសពីនេះអាស្រ័យទៅតាមសណ្ឋានដី ដោយឡែកនៅពេលបច្ចុប្បន្ននេះ ដីនៅទីតាំងដដែលនេះឡើង ដល់ប្រមាណ១០០០ដុល្លារក្នុងមួយម៉ែត្រ។
សម្រាប់គម្រោងលំនៅដ្ឋាននៅពេលបច្ចុប្បន្ននេះ ភាគច្រើនត្រូវបានក្រុមហ៊ុនអភិ វឌ្ឍន៍សាងសង់ ជាប្រភេទលំនៅដ្ឋានកម្រិតមធ្យម ដែលដាក់លក់ចាប់ពីតម្លៃ៧ម៉ឺនរហូតដល់១៥ម៉ឺនដុល្លារក្នុងមួយល្វែង។ ក្រៅពីនេះ ក៏មានគម្រោងបុរីខ្លះធ្វើការសាងសង់លំនៅដ្ឋានបែបទំនើប និងប្រណីត ដាក់លក់នៅក្នុងតម្លៃចន្លោះពី២៥ – ៣០ម៉ឺនដុល្លារក្នុងមួយខ្នងផងដែរ៕