អភិបាលខេត្ត​កែប​ជ្រើសរើស​ភូមិ​ចំនួន១ដើម្បី​អនុវត្តន៍​គំរោង​ភូមិ​តេ​ជោ​សែន

0

ដោយ​គង់ សូរិយា

កែបៈ អភិបាលខេត្ត​កែប លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានសម្រេច​ជ្រើសរើស​ភូមិ​ចំនួន១ភូមិ គឺ​ភូមិ​ចំការ​បី និង​ត្រៀម​ភូមិ​ចំនួន០៣ទៀត ដើម្បី​ដាក់អោយអនុវត្ត​គម្រោង​តេ​ជោ​ភូមិ១០០ នៅ​ខេត្ត​កែប។

លោក​អភិបាល​នៃ​គណ​អភិបាលខេត្ត​កែប បាន​មានប្រសាសន៍​ក្នុង​ពិធី​ទទួល​ជួប​ស្វាគមន៍​គណប្រតិភូ​វេទិការ​សម្ពន្ធ​សង្គម​ស៊ីវិល (វ​សស) នៃ​ទីស្តីការគណរដ្ឋមន្ត្រី​ដែល​ដឹកនាំ​ដោយ​លោក​ដួង វី​រ័ត្ន នា​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅ​សាលាខេត្ត​កែប។

លោក ដួង វី​រ័ត្ន បាន​លើកឡើងថា ទីតាំង​ដែលមាន​សក្តានុពល សម្រាប់​អនុវត្ត​គម្រោង​តេ​ជោ​ភូមិ១០០នេះ ត្រូវមាន​លក្ខណៈ ជា​កេរ្តិ៍តំណែល​ប្រវត្តិសាស្ត្រ និង​វប្បធម៌ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ អាច​ទាក់ទាញ​អ្នកវិនិយោគ មាន​ហេ​ដ្ឋា​រចនា​សម្ពន្ធ​គ្រប់គ្រាន់ ផ្លូវ សាលារៀន មណ្ឌល​សុខភាព និង​ជាទី​តាំង​ដែក​មាន​ទីប្រជុំជន។

គម្រោង​អភិវឌ្ឍន៍​តេ​ជោ​ភូមិ១០០ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ឯកភាព​យល់ព្រម​កាល​ពី​ដើមឆ្នាំ២០១៩ ក្នុងពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ដែលមាន​សមាជិក៥២ប្រទេស។ គម្រោង​នេះ គឺជា​ការពង្រឹង​ការអភិវឌ្ឍ ក្រែ​ប្រែ កែសម្រួល ពង្រីក​សក្តានុពល​ក្នុង​មូលដ្ឋាន ដែល​យក​វប្បធម៌​ជា​ស្នូល​ក្នុងទិសដៅ​ពង្រីក​ចំណូល​ឱ្យ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន។

លោក​បាន​បញ្ជាក់ថា “គម្រោង​នេះ គឺជា​ពង្រឹង​នូវ​សមត្ថភាព និង​ប្រើប្រាស់​សក្តានុពល​មូលដ្ឋាន​ឱ្យអស់​លទ្ធភាព ហើយក៏​ជា​ខឿន​ដ៏​រ៉ឹង​មាំ សម្រាប់​ការគាំទ្រ​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ប្រទេស​អ្នក​មាននៅ​ឆ្នាំ២០៣០ និង​ឆ្នាំ២០៥០” ។

ជាមួយគ្នានេះ លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​បាន​មានប្រសាសន៍​បញ្ជាក់បន្ថែម​ទៀតថា ទីតាំង​ភូមិ​ចំការ​បី(តំបន់ភ្នំ​វ​ល្លិ៍) ជា​តំបន់​ប្រវត្តិសាស្ត្រ កំពុង​ប្រែក្លាយជា​តំបន់​ក​សិ-ឧស្សាហ៍កម្ម ជា​អតីត​តំបន់​សង្គ្រាម ប៉ុន្តែ​ប​ច្ចប្ប​ន្ន​នេះ បានប្រែក្លាយ​ជា​តំបន់​អភិវឌ្ឍន៍ មាន​ផ្លូវ​គមនាគមន៍​គ្រប់គ្រាន់។

លោក​បន្តថា “គម្រោង​នេះ​នឹង​បង្កើន​ចំណូល​ប្រជាជន និង​ជា​គ្រឹះ​គាំទ្រ​ចក្ខុវិស័យ​ឆ្នាំ២០៣០ ដោយ​យក​វប្បធម៌​ជា​ស្នូល​នៅ​មូលដ្ឋាន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here