ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅត្រឹមរយៈពេល៣ខែចុងក្រោយនេះ តម្រូវការទីផ្សារខុនដូ ឬលំនៅឋានសហកម្មសិទ្ធិនៅក្នុងរាជធានីភ្នំពេញ ចាប់ផ្តើមកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលគម្រោងខុនដូចំនួន៤ថ្មីបន្ថែមទៀត នឹងត្រូវបញ្ចប់នៅត្រឹមចុងឆ្នាំ២០២០ ។
ប្រតិបត្តិករដែលកំពុងមានភាពមមាញឹក នៅក្នុងទីផ្សារខុនដូ លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះថា គិតត្រឹមរយៈ៣ខែចុងក្រោយនេះ ទីផ្សារខុនដូមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងអំឡុងខែកញ្ញា និងតុលាចុងឆ្នាំនេះ។
លោក ខន គង្គា ដែលទទួលបានសិទ្ធិលក់អគារខុនដូ ជាច្រើនគម្រោងនៅក្នុងរាជធានីភ្នំពេញបានអះអាងថា “ខុនដូដែលមានតម្រូវការខ្ពស់ពេលនេះ ជាប្រភេទខុនដូកម្រិតមធ្យម ដែលមានតម្លៃចាប់ពីជាង៧ម៉ឺនដុល្លារឡើងទៅ ក្នុងទំហំចាប់ពី ២៨ -៣២ ម៉ែត្រការ៉េ ក្នុងមួយយូនីត ដែលអតិថិជនដែលជាអ្នកទិញភាគច្រើនគឺជាជនជាតិខ្មែរ” ។
លោកបានបញ្ជាក់ទៀតថា “ពេលនេះខុសកាលពីប៉ុន្មានឆ្នាំមុន ដែលប្រជាជនកម្ពុជាភាគច្រើនចាប់អារម្មណ៍ តែទៅលើលំនៅឋានដាច់ដោយឡែក និងស្ថិតនៅជាប់ដី ប៉ុន្តែពេលនេះ ពួកគាត់បានងាកមកចាប់អារម្មណ៍ ជាមួយលំនៅឋានសហកម្មសិទ្ធិ ហើយអ្វីដែលសំខាន់ និងជាការគួរឱ្យកត់សម្គាល់នោះ គឺអតិថិជនដែលជាជនជាតិខ្មែរនោះ មិនត្រឹមតែចាប់ផ្តើមមានទំនោរមកលើទីផ្សារខុនដូនេះនោះទេ ប៉ុន្តែថែមទាំងប្ដូរឥរិយាបថពីការទិញខុនដូកម្រិតមធ្យម ទៅកម្រិតលើមធ្យមដែលមានតម្លៃថ្លៃ” ។
យោងតាមរបាយការណ៍សិក្សាដោយក្រុមហ៊ុន CBRE Cambodia បានបង្ហាញថាសម្រាប់ត្រីមាសទី៤ អាចនឹងមានគម្រោងចំនួន៤បន្ថែមទៀត ដែលនឹងត្រូវបញ្ចប់ការសាងសង់ ដោយមានចំនួនសរុប២៦០០យូនីត។
នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា ចាប់តាំងពីត្រីមាសទី៣ ទីផ្សារខុនដូ បានចាប់ផ្តើមមានកំណើនឡើងវិញគួរឱ្យកត់សម្គាល់ ដោយក្នុងនោះមានគម្រោងជាច្រើន បានបង្ហាញពីលទ្ធផលល្អក្នុងការលក់ដូចគ្នា។
លោកស្រីបន្តថា “គម្រោងខុនដូ ដែលមានតម្រូវការទីផ្សារនៅពេលនេះ ជាប្រភេទខុនដូកម្រិតមធ្យម ដែលមានតម្លៃនៅលើទីផ្សារចាប់ពីជាង ៧ម៉ឺនដុល្លារ ឬមានតម្លៃក្រោម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ” ។ លោកស្រីបន្ថែមថា “នាពេលបន្តិចទៀត នៅពេលដែលសេដ្ឋកិច្ចកាន់តែរឹងមាំ និងរីកចម្រើន ការអភិវឌ្ឍកាន់តែធំជាងមុន កំណើនប្រជាជនក្នុងក្រុងកាន់តែកើនឡើងច្រើន នោះតម្រូវការនៃការទីផ្សារខុនដូនឹងកើនឡើងបន្ថែមទៀតដោយស្វ័យប្រវត្តិ” ៕