ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម ក្រោមការឡាយព្រះហត្ថលេខាដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ។

តាមរយៈព្រះរាជក្រមបានសម្រេចប្រកាសឱ្យប្រើច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤កន្លងទៅនេះ។

គោលបំណងនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ គឺដើម្បីគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងព្រះរាជាណាចក្រកម្ពុជា និងជាមួយអន្តរជាតិ។ បន្ថែមពីនេះ ក៏ដើម្បីបង្កើតភាពប្រាកដប្រជាផ្នែកគតិយុត្តក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងរដ្ឋប្បវេណីតាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការបង្កើនទំនុកចិត្តដល់សាធារណជនក្នុងការប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិក។

តាមរយៈច្បាប់នេះផងដែរ ក៏កំណត់គោលដៅយ៉ាងច្បាស់ផងដែរ អំពីយថាភូតភាព សុក្រឹតភាព និងភាពអាចជឿទុកចិត្តបាននៃទម្រង់អេឡិចត្រូនិក។ ជំរុញការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត និងធុរកិច្ច ដើម្បីអនុវត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកប្រកបដោយសុវត្ថិភាព។ ជាមួយគ្នានេះក៏ដើម្បីបង្ការ និងបង្ក្រាបអំពើដែលបង្កការខូចខាតដល់ទិន្នន័យ និងប្រព័ន្ធព័ត៌មាន។

គោលដៅសំខាន់ផ្សេងទៀត រួមមានដូចជាលុបបំបាត់ឧបសគ្គទាំងឡាយណាដែលរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយដែលកើតចេញពីភាពមិនប្រាកដប្រជានៃលក្ខខណ្ឌតម្រូវចំពោះលិខិតជាលាយលក្ខណ៍អក្សរ និងហត្ថលេខា។ ជួយសម្រួលដល់ការតម្កល់ឯកសារតាមប្រព័ន្ធអេឡិចត្រូនិកជាមួយស្ថាប័នសាធារណៈ និងលើកកម្ពស់ការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាពរបស់ស្ថាប័នសាធារណៈតាមរយៈការប្រើប្រាស់កំណត់ត្រាតាមប្រព័ន្ធអេឡិចត្រូនិកដែលអាចជឿទុកចិត្តបាន។ ជាមួយគ្នានេះ ក៏មានបង្កើតវិធាន បទប្បញ្ញត្តិ និងស្តង់ដា ដែលទាក់ទងនឹងយថាភូតភាព និងសុក្រឹតភាពរបស់កំណត់ត្រាតាមប្រព័ន្ធអេឡិចត្រូក៕

LEAVE A REPLY

Please enter your comment!
Please enter your name here