លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ៖ ប្រសិនបើមានដំណោះស្រាយល្អ ត្រឹមរយៈពេលជាង១ឆ្នាំទៀត វិស័យអចលនទ្រព្យកម្ពុជានឹងរឹងមាំវិញ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាទូទៅសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាត្រូវគេមើលឃើញថា បានទទួលរងនូវផលប៉ះពាល់មួយចំណែកធំដែលបណ្តាលមកពីវិបត្តិសាកល រួមជាមួយនឹងវិបត្តិជំនន់ដែលទើបតែកើតមានកាលពីពេលថ្មីៗនេះ បើទោះជាសម្មភាពទីផ្សារក្នុងស្រុកនៅបន្តមានក៏ដោយ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍នេះថា ផលប៉ះពាល់នៃវិស័យអចលនទ្រព្យនៅម្ពុជាគឺបានកើតឡើងផ្ទួនៗគ្នារហូតដល់កម្រិតមួយគួរឱ្យបារម្ភ ដែលតម្រូវឱ្យមានវិធានដោះស្រាយឱ្យបានត្រឹមត្រូវបំផុត ដើម្បីអាចធ្វើឱ្យមានភាពល្អប្រសើរ និងរឹងមាំឡើងវិញបាន។

លោកឧកញ៉ាបានបញ្ជាក់ថា “ក្រោមឥទ្ធិពលនៃវិបត្តិជំងឺCovid-19 ស្ទើរតែគ្រប់បណ្តាប្រទេសនៅលើសាកលលោក ជាពិសេសប្រទេសដែលស្ថិតនៅក្នុងអាស៊ាន គឺសុទ្ធតែទទួលរងនូវផលប៉ះពាល់ទាំងអស់ ទាស់ត្រង់ថា ប៉ះពាល់តិច ឬច្រើនតែប៉ុណ្ណោះ ហើយក្នុងបនោះកម្ពុជាក៏គេចមិនផុតដែរ”។ លោកបន្តថា “សម្រាប់តែប្រទេសកម្ពុជា វិស័យអចលនទ្រព្យបានទទួលនូវប៉ះពាល់ផ្ទួនៗ ដោយក្រៅពីរងសម្ពាធខ្លាំងពីវិបត្តិនៃជំងឺ Covid-19 ដែលកំពុងបន្តភាពគំរាមកំហែង នៅបន្ថែមដោយគ្រោះទឹកជំនន់មួយថ្មីទៀត។ គ្រោះទឹកជំនន់នេះត្បិតថាវាជាគ្រោះធម្មជាតិ និងមានរយៈពេលខ្លី ប៉ុន្តែចង់ មិនចង់ក៏ជាចំណែកមួយនៃផលប៉ះពាល់រួមផងដែរ”។

ជាមួយនឹងការទួលរងនូវផលប៉ះពាល់ដូចដែលបានលើកឡើងខាងលើនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា “ក្រោយពេលទទួលរងនូវផលប៉ះពាល់ យើងគួរតែកុំនៅឈរមើល ហើយនិយាយថាប៉ះពាល់ ប៉ុន្តែអ្វីដែលត្រូវធ្វើគឺការស្វែងរកដំណោះស្រាយបញ្ហាទើបជារឿងសំខាន់បំផុត។ សព្វថ្ងៃបើទោះជាយើងទទួលរងនូវផលប៉ះពាល់ ប៉ុន្តែសកម្មភាពនៃការទិញ-លក់នៅលើទីផ្សារក្នុងស្រុកគឺនៅតែមាន ស្របពេលរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការរួមចំណែកជួយទ្រទ្រង់នៅក្នុងវិស័យអចលនទ្រព្យមួយនេះផងដែរ”។

លោកឧកញ៉ាបន្តថា “ប្រសិនបើយើងរកឃើញនូវដំណោះស្រាយត្រឹមត្រូវ និងបានអនុវត្តយ៉ាងមានប្រសិទ្ធភាពខ្ពស់ ខ្ញុំជឿជាក់ថា នៅក្នុងរយៈពេល ១-២ ឆ្នាំខាងមុខនេះ សុខភាពនៃវិស័យអចលនទ្រព្យនៅកម្ពុជា ពិតនឹងអាចវិលត្រឡប់ទៅរកភាពរឹងមាំវិញជាក់ជាមិនខាន ជាពិសេសក្រោយពេលដែលរាជរដ្ឋាភិបាលបានចំណាយទុនវិនិយោគអាទិភាពទៅលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្លូវថ្នល់ ស្ពាន បណ្តាញលូ ជាពិសេសនៅតាមបណ្តាខេត្តក្រុងដែលមានសក្ដានុពលមួយចំនួន ដែលជាចំណុចមួយយ៉ាងសំខាន់នៅក្នុងការលើកស្ទួយវិស័យអចលនទ្រព្យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here