ដោយៈ រ៉ាណេត
កំពង់ស្ពឺៈ លោកឧបនាយករដ្ឋមន្ត្រីជាសុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានធ្វើការក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសសម្បទានិកដែលទទួលបានដីពីការផ្តល់ជូនដោយរាជរដ្ឋាភិបាលគួរខិតខំស្វែងរកចំណូលបន្ថែមដោយការបង្កបង្កើនផលសម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារប្រសើរជាងការយកដីទៅលក់ឬដាក់បញ្ចាំនៅធនាគារឯកជន។
លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា នាថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានមានប្រសាសន៍ក្នុងកិច្ចចុះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់សម្បទានិកចំនួន៤០០គ្រួសារនៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗនេះថាអ្នកដែលដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំង៤០០គ្រួសារថាមិនត្រូវយកទៅបញ្ចាំឬលក់ដូរដីនេះឡើយ។
លោកបានបញ្ជាក់ថា “អចលនវត្ថុ ឬដីធ្លី ដែលរាជរដ្ឋាភិបាលសម្រេចកាត់ប្រគល់ជូននៅពេលនេះ ប្រៀបបានទៅនឹងអាយុជីវិតរបស់បងប្អូន ហើយសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ព្យាយាមស្វែងរកប្រភពចំណូល និងបង្កបង្កើនផលបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានានាប្រសើរជាងយកដីទៅបញ្ចាំឬលក់”។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះអាជ្ញាធរខេត្ត ក៏ដូចជាមន្ត្រីគ្រប់លំដាប់ ថ្នាក់ដែលបានរួមចំណែកអនុវត្តន៍ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ឱ្យទទួលបានជោគជ័យរហូតមកដល់បច្ចុប្បន្ន ដោយមិនធ្លាប់មានបាតុភាពណាមួយកើតឡើង ដែលបង្ហាញអំពីការរើសអើង បក្សពួក ឬការចោទប្រកាន់ណាមួយពីប្រជាពលរដ្ឋឡើយ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាងបានលើកឡើងថា គម្រោងបែងចែកដី សង្គមកិច្ច និងការអភិវឌ្ឍជំហាន២ LASED II គឺជាគម្រោងមួយគាំទ្រដល់ការប្រតិបត្តិកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងការចែកជូនដីដល់អ្នកគ្មានដីនិងអ្នកក្រីក្រតាមរយៈដីសម្បទានសង្គមកិច្ចដើម្បីលើកកម្ពស់ការចិញ្ចឹមជីវិតរបស់គ្រួសារក្រីក្រនិងជនងាយរងគ្រោះ។
លោកបានបញ្ជាក់ថា “គម្រោងនេះគឺមានគោលបំណង ដើម្បីបែងចែកដីធ្លីរបស់រដ្ឋ ដែលមានលក្ខណៈសមស្រប សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីប្រកបរបកសិកម្ម ការចិញ្ចឹមសត្វ ការទទួលបាននូវសេវាសាធារណ: និងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ បង្កើនផលិតភាព ជាមួយនឹងការផ្តល់សេវាកម្មគាំទ្រសមស្របមួយចំនួន ដល់គ្រួសារដែលមានដីធ្លីតិចតួច និងគ្មានដីធ្លីសោះ”។
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) នៅក្នុងខេត្តកំពង់ស្ពឺ បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានរយៈពេល៥ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០១៦ ដល់ ខែធ្នូ ឆ្នាំ២០២១ ថវិកាសរុប ២៦,៨៦ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមានចំនួន១,៨០លានដុល្លារសហរដ្ឋអាមេរិក។
ខេត្តគោលដៅជាអាទិភាព ដែលត្រូវបានជ្រើសរើស សម្រាប់អនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II)មានចំនួន៥ ដែលក្នុងនោះរួមមាន ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ៕