អ្នកជំនាញអចលនទ្រព្យប្រាប់ពីនិន្នាការសំខាន់នៃការអភិវឌ្ឍ និងតំបន់លេចធ្លោនៃគម្រោងខុនដូ

0

ដោយ ហ្សូលី​

ភ្នំពេញ៖ អ្នកជំនាញ និងប្រឡូកក្នុងវិស័យអចលនទ្រព្យបានពន្យល់ប្រាប់ពីនិន្នាការដ៏សំខាន់មួយចំនួននៃការអភិវឌ្ឍលើវិស័យខុនដូ ក៏ដូចជាបង្ហើបប្រាប់ពីតំបន់លេចធ្លោដែលអ្នកទិញគួរចំណាយលុយវិនិយោគ។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុ និងជាប្រធានសមាគមអ្នកវាយតម្លៃតំបន់អាស៊ាន លោក ច្រឹក សុខនីម បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០នេះថា ជារួម ខុនដូគឺជាដំណោះស្រាយនៃលំនៅដ្ឋាននៅក្នុងទីក្រុង ដោយសារតែទីក្រុងមានភាពមមាញឹកសម្រាប់អាជីវកម្ម ហើយអ្នកធ្វើការមួយចំនួនធ្វើការនៅក្នុងទីក្រុង។

លោកបន្តថា ហេតុផលដែលបណ្តាលឱ្យវិស័យខុនដូកាន់តែមានភាពរីកចម្រើន ព្រោះការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាមានភាពស៊ីវីល័យ ហើយច្រើនតែមានវ័យជំទង់ ពោលគឺអាយុក្រោម ៤០ ឆ្នាំ។ ភាគច្រើនពួកគាត់ជឿជាក់និងមានជំនឿផ្លាស់ប្តូរនូវភាពស៊ីវីល័យរបស់ខ្លួន ចង់រស់នៅក្នុងភាពឯករាជ្យ និងលក្ខណៈឯកជន ជាពិសេសពួកគាត់មានបំណងក្នុងការចង់បានទីតាំងខុនដូណាមួយដែលងាយស្រួលធ្វើដំណើរ។

ប្រធានសមាគមរូបនេះបានបន្ថែមថា វិស័យខុនដូភាគច្រើនមានការអភិវឌ្ឍនៅតំបន់បឹងកេងកង១ បឹងកេងកង២ បឹងកេងកង ៣ ទួលគោក និងចំការមន។ តំបន់ទាំងនេះគឺជាតំបន់ដែលស្រូបយកវិស័យកសាងខុនដូខ្លាំងជាគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យ៉ាងណាមិញ លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន ERA Cambodia បានលើកឡើងស្រដៀងគ្នាថា សព្វថ្ងៃការអភិវឌ្ឍលើគម្រោងខុនដូមានច្រើន ប៉ុន្តែតាមការសង្កេតឃើញរបស់លោកគឺតំបន់កោះពេជ្រ និងបឹងកេងកង ហើយក៏មានគម្រោងខុនដូនៅម្តុំផ្លូវសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ ម៉ែត្រ និងស្ថិតនៅតំបន់ជ្រោយចង្វារផងដែរ។

លោកបន្ថែមថា សូម្បីតែតំបន់ទួលគោកក៏មានដែរ និយាយរួម នៅក្នុងរាជធានីភ្នំពេញនេះ អ្នកអភិវឌ្ឍកន្លែងណាក៏គាត់អភិវឌ្ឍដែរ អាស្រ័យទៅលើយុទ្ធសាស្រ្ត និងទីតាំងគម្រោងអភិវឌ្ឍរបស់ម្ចាស់គម្រោងតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here