ដោយ : គង់ សូរិយា
ភ្នំពេញ : សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋន្រ្តីកម្ពុជាបានថ្លែងថា នៅដើមឆ្នាំនេះរោងចក្រ សហគ្រាសថ្មីចំនួន៥០បានបើកដំណើរការ និងផ្តល់ការងារកម្មករ និយោជិតជិត៣០,០០០កន្លែង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឳកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ២ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងក្រុងបាវិត ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១០ ឧសភានេះថា និយោជិតនៅខេត្តស្វាយរៀង ទទួលបានចំណូលប្រមាណ១២០លានដុល្លារក្នុងមួយឆ្នាំ ដែលជាការរួមចំណែកដ៏ធំក្នុងការទ្រទ្រង់ជីវភាព និងចាក់ចូលក្នុងសេដ្ឋកិច្ចជាតិ។ ទឹកប្រាក់នេះ គិតត្រឹមជាមធ្យមសម្រាប់កម្មករ កម្មការិនីម្នាក់ទទួលបានប្រាក់ឈ្នួលត្រឹម២០០ដុល្លារ ក្នុងមួយខែប៉ុណ្ណោះ។
សម្តេចបន្តថា “មានប្រទេសនៅក្នុងតំបន់អាស៊ីជាច្រើន កំពុងប្រកួតប្រជែងជាមួយកម្ពុជា ដូច្នេះបើការទាមទារដំឡើងប្រាក់ឈ្នួលខ្ពស់ហួសហេតុពេក ឬទាមទាររហូតដល់មានការផ្ទុះបាតុភាពផ្សេងៗ នឹងនាំឲ្យថៅកែរោងចក្រទាំងនោះ ទៅវិនិយោគនៅប្រទេសដទៃ ហើយនាំឲ្យកម្មករអត់ការងារធ្វើជាក់ជាមិនខាន”។ សម្តេចបន្តថា “សមិទ្ឋិផលទាំងនេះមិនបានកើតមាន ដោយសារការស្រែករបស់គណបក្សប្រឆាំងនោះទេ ពោលគឺពួកគេបានត្រឹមតែស្រែកទាមទារឲ្យបរទេសឈប់ទិញទំនិញពីកម្ពុជា ដែលជាការសម្លាប់ឆ្នាំងបាយរបស់កម្មករប៉ុណ្ណោះ”។