ដោយ ហ្សូលី
ភ្នំពេញៈ ភ្ញៀវទេសចរផ្ទៃក្នុងសរុប៦៤៤,៦៩៨ នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ប៉ុន្តែការចំណាយការថមថយជាងមុន។ នេះបើតាមឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោករដ្ឋមន្រ្តីធ្លាប់បានព្យាករណ៍ថា ក្នុងភ្ញៀវទេសចរណ៍ម្នាក់គិតជាមធ្យម ពួកគេចំណាយប្រាក់៥០ដុល្លារក្នុងដំណើរកំសាន្តរបស់ពួកគេ ដូច្នេះអ្នកដើរកំសាន្តជាង៦៤ម៉ឺននាក់ មានន័យថា ពួកគេបានបញ្ចេញសាច់ប្រាក់ប្រមាណ៣២លានដុល្លារ ចូលក្នុងសសេដ្ឋកិច្ចជាតិ។
ការឈប់រយៈពេល៤ថ្ងៃ នាឱកាសឈប់សម្រាកព្រះរាជពិធី គ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក បានចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ។
លោកថោង ខុន បានឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តសៀមរាប៖ ១៦៧,២២៥ នាក់ ខេត្តកំពត៖ ៧៣,៥៩២ នាក់ ខេត្តព្រះសីហនុ៖ ៥៤,៤០០ នាក់ ខេត្តកណ្តាល ៥១,៨៦២នាក់។ ខេត្តកំពង់ស្ពឺ៖ ៤៣,២៤៤ នាក់ ខេត្តកែប៖ ៣៨,៥៥៨ នាក់ ខេត្តកោះកុង៖ ២៨,២៧៥ នាក់ ខេត្តមណ្ឌលគិរី៖ ២២,០២៣ នាក់។

ក្រសួងបានសង្កេតឃើញថា លើកនេះដោយសារផលវិបាកពីគ្រោះទឹកជំនន់ តំបន់ពាយព្យដែលធ្លាប់ទទួលភ្ញៀវបានច្រើន មានការថមថយជាងមុន ប៉ុន្តែនៅសៀមរាម-អង្គរ តំបន់ឆ្នេរសមុទ្រ និងនៅតំបន់ឦសាន្ត ពិសេសខេត្តមណ្ឌលគិរី ក៏នៅទទួលបានភ្ញៀវច្រើន។ ចំពោះរាជធានីភ្នំពេញ ទោះពុំមានការប្រារព្ធពិធីអុំទូក ក៏មានប្រជាពលរដ្ឋប្រមាណ ៤០ ម៉ឺននាក់នាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ពិសេសនៅតំបន់កោះពេជ្រ ទស្សនាកាំជ្រួចនៅមាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វា និងតំបន់វិមានឈ្នះ-ឈ្នះ។
ក្នុងរយៈពេលឈប់សម្រាកបុណ្យអុំទូកនេះ មានសកម្មភាពទេសចរណ៍ល្អប្រសើរ គ្រាន់តែតំបន់ខ្លះ ហាក់ថមថយបន្តិច បើធៀបនឹងការឈប់សម្រាកមុនៗ ដោយហេតុថាកាលឈប់សម្រាកសងចូលឆ្នាំ គឺជាការឈប់សម្រាកលើកទី១ បន្ទាប់ពីការផ្អាកមួយរយៈ រីឯកាលភ្ជុំបិណ្ឌ គឺជាការដើរកម្សាន្តបន្ត ក្រោយធ្វើបុណ្យនៅតាមវត្តអារាម។ រីឯពេលនេះ គឺជាពេលទើបក្រោយទឹកជំនន់ ហេដ្ឋារចនាសម្ពន្ធមួយចំនួនរងការខូចខាត និងខ្លះកំពុងជួសជុល។ ម្យ៉ាងទៀត ដោយការបារម្ភពីធាតុអាកាសឥទ្ធិពលព្យុះម៉ូឡាវផងដែរ។
ទោះយ៉ាងណា ប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនមានភាពរីករាយជាមួយចរន្តភ្ញៀវទេសចរផ្ទៃក្នុងនេះនៅគ្រប់គោលដៅទេសចរណ៍។
ទន្ទឹមនឹងនេះ គ្រប់គោលដៅទេសចរណ៍ បានខិតខំអនុវត្តតាមដំបូន្មានក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការយកចិត្តទុកដាក់ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាលរាជធានី-ខេត្ត៕






