ដោយស៊ីវ ម៉េង
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W.Patrick Murphy បានថ្លែងថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗជាច្រើន កំពុងមើលឃើញកម្ពុជាជាឱកាសសម្រាប់វិនិយោគ ស្របពេលដែលកម្ពុជាខ្លួនឯង កំពុងត្រូវការការលើកស្ទួយបច្ចេកវិទ្យាបន្ថែមក្នុងវិស័យកសិកម្ម។

មានប្រសាសន៍ក្នុងវេទិកាធុរកិច្ចឥណ្ឌូ–ប៉ាស៊ីហ្វិកឆ្នាំ២០២០ ដែលរៀបចំឡើងកាលពីចុងខែតុលាកន្លងមក លោកMurphy បានថ្លែងថា កម្ពុជាមានសក្តានុពលលើវិស័យថាមពល កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស បច្ចេកវិទ្យា ដែលជាចំណុចទាក់ទាញវិនិយោគិនបរទេសជាពិសេសអាមេរិក។
លោកបន្តថា “ប្រទេសដែលមានសេដ្ឋកិច្ច ពឹងផ្អែកខ្លាំងលើវិស័យកសិកម្មដូចជាកម្ពុជា វាជារឿងចាំបាច់ត្រូវបង្កើនវត្តមានបច្ចេកវិទ្យាបន្ថែមទៀត ក្នុងវិស័យកសិកម្មដើម្បីជំរុញសេដ្ឋកិច្ច និងអាចឲ្យខ្លួនមានលទ្ធភាពប្រណាំងប្រជែងលើទីផ្សារអន្តរជាតិ។ លោកបន្ថែមថា “ជាប្រទេសមានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម វាត្រូវការដាក់បញ្ចូលបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីជំរុញទិន្នផល ប្រសិទ្ធភាពក្នុងការផលិត និងជំរុញការយល់ដឹងពីទីផ្សារឲ្យបានច្បាស់លាស់”។
ជាមួយគ្នានេះ លោកអគ្គរដ្ឋទូតរូបនេះបានប្រមើលមើលថាថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ សម្លឹងឃើញកម្ពុជាជាឱកាស ហើយក្នុងនោះក្រុមហ៊ុន Amazon, Google និង Facebook ក៏កំពុងបើកប្រតិបត្តិនៅកម្ពុជារួចស្រាប់។

លោក Murphy កត់សម្គាល់ពីភាពប្រសើរ ហើយសេដ្ឋកិច្ចកម្ពុជាបន្តមានកំណើននិងពង្រីកខ្លួន ខណៈក្រុមហ៊ុនអាមេរិកក៏មានវត្តមានកាន់តែច្រើនដូចគ្នា។
សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham)មានសមាជិកដល់ទៅជាង១០០ក្រុមហ៊ុន ហើយបន្តបន្ថែមសមាជិកថ្មីៗរៀងរាល់ឆ្នាំ។
សហដ្ឋអាមរិក ជាទីផ្សារឈានមុខមួយសម្រាប់ការនាំចេញកម្ពុជា ដែលមានតម្លៃ ៥,៣៦ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើងពី៣ពាន់លានដុល្លារធៀបនឹងកាលពីឆ្នាំ២០១៥៕






