ដោយគង់ ម៉ាលីន
សៀមរាបៈ គំរោងបង្កើតក្រុងសៀមរាបថ្មី ដែលស្ថិតក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២០ ២០៣៥ នឹងមានទីតាំងស្ថិតនៅតំបន់ព្រលានយន្តហោះថ្មី ក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប។

ព្រលានយន្តហោះថ្មីនេះ តាមគំរោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១នៅឆ្នាំ២០២៣ខាងមុខនេះ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុនបានថ្លែងឲ្យដឹងកាលពីពេល ថ្មីៗនេះថា គំរោងបង្កើត «ក្រុងសៀមរាបថ្មី» ដែលស្ថិតនៅក្នុងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបក្នុងឆ្នាំ២០២០-២០៣៥នោះ គឺមានទីតាំងនៅម្តុំអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកបន្តថា “ការបង្កើត«ក្រុងសៀមរាបថ្មី» បានស្ថិតក្នុងផែនការមេអភិវឌ្ឍទេសចរណ៍ ឆ្នាំ២០២០-២០៣៥ ផែនការមេ ២០២០-២០៣៥ ដើម្បីអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបទៅជា «មាសបៃតង»”។
លោកបន្តថា ការបង្កើត «ក្រុងសៀមរាបថ្មី» (Grand Siemreap) នេះជាគោលដៅថ្មីមួយ ក្នុងចំណោមគោលដៅទេសចរណ៍ទាំងថ្មីទាំងចាស់ចំនួន៦ ដែលស្ថិតនៅក្នុងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ដើម្បីសម្រេចឱ្យបាននូវប្រាក់ចំណូល៥ពាន់លានដុលា្លរ ពីភ្ញៀវទេសជាតិជាង១០លាននាក់និងអន្តរជាតិ៧លាននាក់ ចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាប ជាមួយនឹងបង្កើតកន្លែងការងារបានជាង៩០ម៉ឺននាក់ ក្នុងឆ្នាំ២០៣៥។
លោកបន្តថា “ទីក្រុងសៀមរាបថ្មី មានទីតាំងនៅម្តុំព្រលានយន្តហោះសៀមរាបថ្មី។ ការបង្កើតទីក្រុងសៀមរាបថ្មី ដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបចាស់ នាពេលបច្ចុប្បន្ន”។ ព្រោះទីក្រុងសៀមរាបចាស់ មិនអាចផ្ទុកបានទេនូវចំនួនភ្ញៀវទេសចរដ៏ធំមួយនេះ។ ការបង្កើតក្រុងសៀមរាបថ្មីឈ្មោះ Grand Siem Reap នេះ គឺអាចជាទីក្រុងទំនើបឬជាទីក្រុងវៃឆ្លាត ប៉ុន្តែរចនាប័ទ្មឡើងបែបទីក្រុងបុរាណ»។
ទោះជាយ៉ាងណា លោកថោង ខុន មិនអាចបញ្ជាក់បានថាឡើយថា ការបង្កើតទីក្រុងសៀមរាបថ្មីនោះ នឹងត្រូវអនុវត្តឡើងនៅពេលណាឱ្យច្បាស់លាស់ឡើយ ដោយទាមទារការសិក្សាឱ្យបានលម្អិត។ តាមគោលការណ៍ គម្រោងតំបន់ ក្រុងសៀមរាបថ្មី (Grand Siem Reap) ស្ថិតក្រោមទម្រង់ជាតំបន់ទេសចរណ៍ពិសេស ដោយអ្នកអភិវឌ្ឍក្រោមទម្រង់ភាពជាដៃគូវិស័យសាធារណៈ និងឯកជន (PPP)។
អភិបាលខេត្តសៀមរាបលោកទៀ សីហាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីក្រុងសៀមរាបថ្មី ប្រហែលអាចជាទីក្រុងវៃឆ្លាត(Smart City) អាចមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូ ទឹកស្អាត អាគារខ្ពស់ៗ ជាដើម។
យោងតាមផែនការមេអភិវឌ្ឍទេសចរណ៍ ក្នុងឆ្នាំ២០២០-២០៣៥ ខេត្តសៀមរាបនឹងបង្កើតគោលដៅទេសចរណ៍ចំនួន៦ទីតាំង ក្នុងនោះមាន២ទីតាំង ជាគោលដៅទេសចរណ៍មានស្រាប់ គឺ តំបន់ប្រាសាទអង្គរ និងក្រុងសៀមរាប នាពេលបច្ចុប្បន្ន។
ចំណែកគោលដៅទេសចរណ៍ថ្មីចំនួន៤ទៀត ក្រៅពីការបង្កើតទីក្រុងសៀមរាបថ្មី គឺមានតំបន់ជាប់បឹងទន្លេសាប ភ្នំគូលែន និងស្រុកបន្ទាយស្រី៕






