ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គិតត្រឹមតែដើមត្រីមាសទី៤ ឆ្នាំ២០២០ ដែលមានរយៈពេល៣០ថ្ងៃ កម្ពុជាទទួលបានកំណើនទុនវិនិយោគបន្ថែមថ្មីៗសរុបជាង៤១០ លានដុល្ល្ារ ចាក់បញ្ចូលទៅក្នុងវិស័យឧស្សាហកម្ម និងវិស័យថាមពល ដែលកំពុងមានតម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ននេះ។

ជាមួយនឹងការទទួលបានទុនវិនិយោគបន្ថែមជាង៤១០លានដុល្លារខាងលើនេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក ឧកញ៉ា លឹម ហេង បានមានប្រសាសន៍នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថា ចាប់ពីពេលនេះទៅ ជាពិសេសនៅដើមឆ្នាំ២០២១ខាងមុខនេះ កម្ពុជាចាប់ផ្តើមបង្ហាញពីសក្ដានុពលដែលប្រៀបវានទៅនឹងមេដែកឆក់ក្នុងការទាក់ទាញក្រុមហ៊ុនអន្តរជាតិឱ្យចូលមកកាន់កម្ពុជាដើម្បីធ្វើការវិនិយោគជាដៃគូ។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍បញ្ជាក់ថា “នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ខណៈដែលការអនុវត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងត្រូវចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០២១ខាងមុខនេះ”។
លោកឧកញ៉ាបន្តថា “ក្រោយការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាពិសេសក្រោយបញ្ចប់កូវីដ ខណៈដែលមហាអំណាចចិន និងអាមេរិកមិនទាន់បញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយគ្នា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ដែលអាចស្រូបយកនូវបណ្ដាក្រុមហ៊ុនអន្តរជាតិនានាចូលមកដាក់ទីតាំងដើម្បីផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារអាស៊ាន ទីផ្សារចិន អឺរ៉ុប រួមជាមួយនឹងទីផ្សារអាមេរិកផងដែរ ហើយកំណើននៃចំនួនលក្រុមហ៊ុននេះនៅតែបន្តកើនឡើងបន្ថែមទៀត”។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍បញ្ជាក់ថា “នៅពេលដែលមានដំណើរការឡើងវិញក្រោយវិបត្តិកូវីដនេះ ស្ទើរតែគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជានឹងមានការវិវត្តឡើងវិញ ទាំងវិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម ការដឹកជញ្ជូន រួមទាំងវិស័យអចលនទ្រព្យផងដែរ ព្រោះនៅពេលដែលមានដំណើរការវិនិយោគ បង្កើតរោងចក្រ សហគ្រាសនានា គឺត្រូវតែមានតម្រូវការប្រើប្រាស់សំណង់អគារ ក៏ដូចជាការប្រើប្រាស់ដីធ្លី ដែលរឹតតែជួយជំរុញឱ្យតម្លៃឡើងថ្លៃជាងពេលបច្ចុប្បន្ន ជាពិសេសនៅក្នុងតំបន់ពាណិជ្ជកម្មសកម្មតែម្ដង” ៕






