ដោយ ហ្សូលី
អន្តរជាតិៈ សេដ្ឋកិច្ចឥណ្ឌាអាចនឹងកើនឡើងពីលំដាប់ទី៥ មកដល់លំដាប់ទី៣ នៅក្នុងបញ្ជីនៃសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ក្នុងរយៈពេល៣ទសវត្សខាងមុខនេះ។ នេះបើយោងតាមការស្រាវជ្រាវ ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Lancet ។

ការស្រាវជ្រាវដែលត្រូវបានធ្វើឡើងនៅដើមឆ្នាំនេះ ផ្អែកលើការផ្លាស់ប្តូរទំហំប្រជាជន អាយុធ្វើការនៅក្នុងប្រទេសធំបំផុតរបស់ពិភពលោក បន្ទាប់មកត្រូវបានបកប្រែទៅជាសេណារីយ៉ូសម្រាប់ផលិតផលក្នុងស្រុកសរុប។
យោងតាមការព្យាករណ៍របស់ Lancet ប្រទេសឥណ្ឌា នឹងមានប្រជាជនដែលមានអាយុធ្វើការច្រើនជាងគេ នៅមុនឆ្នាំ២០៣០ ដែលនឹងបន្តកើនឡើងដល់កម្រិតខ្ពស់បំផុតមុនឆ្នាំ២០៥០ ។ ទោះបីជាមានការធ្លាក់ចុះនៅពេលក្រោយក៏ដោយ ក៏ប្រទេសឥណ្ឌានៅតែមានមនុស្សពេញវ័យ ដែលមានអាយុធ្វើការងារច្រើនជាងប្រទេសណាៗទាំងអស់។
នៅឆ្នាំ២០១៧ ឥណ្ឌាជាប្រទេសមានសេដ្ឋកិច្ចធំទី៧ នៅលើពិភពលោក មុនពេលឡើងដល់ចំណាត់ថ្នាក់ទី៥ ។ ការផ្លាស់ប្តូរប្រជាសាស្ត្រ នឹងអនុញ្ញាតឱ្យប្រទេសអាស៊ីខាងត្បូង លេចចេញជាប្រទេសមានសេដ្ឋកិច្ចធំទីបួននៅឆ្នាំ២០៣០ នៅពីក្រោយសហរដ្ឋអាមេរិក ចិន និងជប៉ុន។
នៅឆ្នាំ២០៥០ ប្រទេសឥណ្ឌានឹងឈានមុខគេ ដល់ប្រទេសជប៉ុនដោយដណ្តើមយកចំណាត់ថ្នាក់ទី៣ ហើយនឹងរក្សាជំហរនេះរហូតដល់ឆ្នាំ២១០០ យោងតាមការព្យាករណ៍។ ការប្រកួតប្រជែងដ៏យូរអង្វែង រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ គឺសហរដ្ឋអាមេរិក និងប្រទេសចិនក៏ត្រូវបានកំណត់ផងដែរ ដែលប្រឈមមុខនឹងការផ្លាស់ប្តូរគួរឱ្យចាប់អារម្មណ៍មួយចំនួន។
ការសិក្សាបាននិយាយថា ប្រទេសចិនត្រូវបានគេព្យាករណ៍ថា នឹងវ៉ាអាមេរិកក្នុងឆ្នាំ ២០៣៥ ។ យ៉ាងណាក៏ដោយ ប្រទេសទាំងពីរអាចផ្លាស់ប្តូរមុខតំណែងម្តងទៀត នៅឆ្នាំ ២០៩៨ ដោយសារការធ្លាក់ចុះនៃចំនួនប្រជាជនចិន ត្រូវបានគេកំណត់ថា នឹងកាត់បន្ថយកំណើនសេដ្ឋកិច្ច។
យោងតាមទិន្នន័យពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក នាខែតុលារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានឱ្យដឹងថា ប្រទេសឥណ្ឌា បានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទី៥លើពិភពលោក ដោយផលិតផលក្នុងស្រុកសរុប កាលពីឆ្នាំមុនឈរនៅលើប្រទេសបារាំងនិងចក្រភពអង់គ្លេស។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតនៅលើពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយបានឈានដល់ចំនួន២,៩៤ទ្រីលានដុល្លារនៅឆ្នាំ ២០១៩ ។ ឥណ្ឌាមានមហិច្ឆតា ដើម្បីក្លាយជាសេដ្ឋកិច្ច៥ទ្រីលានដុល្លារនៅឆ្នាំ២០២៥ ខណៈដែលកម្រិតគោលដៅ ដែលទាមទារស្ទើរតែទ្វេដងទំហំផលិតផលក្នុងស្រុករបស់ខ្លួន ដែលដំបូងឡើយត្រូវបានគេចាត់ទុកថា ជាបញ្ហាប្រឈមការផ្ទុះឡើងនៃ Covid-19 បានធ្វើឱ្យកិច្ចការស្ទើរតែមិនអាចទៅរួច។

សេដ្ឋកិច្ចរបស់ប្រទេសនេះ បានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងអំឡុងត្រីមាសទី១ ដោយបានធ្លាក់ចុះ២៣,៩ ភាគរយ។ ខណៈពេលដែលការបិទទ្វារយ៉ាងតឹងរឹងត្រូវបានកំណត់ ដើម្បីផ្តល់នូវការធូរស្បើយខ្លះ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌានៅតែត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះយ៉ាងហោចណាស់១០ភាគរយ៕ DHT News៕






