ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសឹង្ហុបុរីប្រចាំនៅកម្ពុជា បានបង្ហាញពីមោទនភាពចំពោះកិច្ចទំនាក់ទំនង់សហប្រតិបត្តិការយ៉ាងស៊ីជម្រៅជាមួយកម្ពុជា ជាពិសេសកិច្ចសហការជាដៃគូក្នុងការពង្រីកទំហំពាណិជ្ជកម្មរួមគ្នាកាលពីពេលកន្លងទៅថ្មីៗនេះ។

ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា លោក ម៉ៃឃែល តាន់ (Michael Tan) នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា ក្នុងរយៈពេល៤ឆ្នាំកន្លះ នៃការបំពេញបេសកកម្មនៅកម្ពុជា លោកពិតជាមានមោទនភាពណាស់ ដែលបានធ្វើការយ៉ាងជិតស្និតជាមួយនឹងប្រជាពលរដ្ឋកម្ពុជា។
លោកបញ្ជាក់ថា “នៅក្នុងការបំពេញភារកិច្ចកន្លងទៅ គឺមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរាជការ ថ្នាក់ដឹកនាំ ជាពិសេសបានទទួលការគាំទ្រយ៉ាងល្អ ពីរាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យបេសកកម្មការទូតរបស់ខ្ញុំនៅកម្ពុជា ទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់”។លោកបន្ថែមថា “ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការវិនិយោគលើវិស័យទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សមានការកើនឡើងខ្ពស់មួយកម្រិតថែមទៀត”។
កម្ពុជាគឺជាប្រទេស ដែលមានសុវត្ថិភាពបំផុតសម្រាប់ការរស់នៅ ដែលបានរួចផុតពីការឆ្លងនៃជំងឺកូវីដ-១៩នេះ។ លោកពិតជាមានមោទនភាព ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានអនុញ្ញាតឲ្យឯកឧត្តមរៀបចំកម្មវិធី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ដោយយល់ឃើញថាកម្ពុជា គឺជាប្រទេសដែលមានសុវត្ថិភាព មិនមានការរីករាលដាលជំងឺកូវីដ-១៩ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការរៀបចំនោះប្រព្រឹត្តទៅបានជោគជ័យ ដោយអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
លោកបានបន្ថែមទៀតថា លោកពិតជាមានជំនឿជឿជាក់ថាកម្ពុជា និងសិង្ហបុរី នឹងអាចមានទំនាក់ទំនង កាន់តែល្អប្រសើរឡើងថែមទៀត ក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ ហើយទាំងអស់នេះ អាចធ្វើទៅបានដោយមានការគាំទ្រ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរស្ថាប័ន និងស្ថាប័ន ជាពិសេសរវាងមន្ត្រីរាជការនិងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ”។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជា នារយៈពេលកន្លងមក។ សម្ដេចតេជោ ក៏បានយល់ស្របផងដែរ ចំពោះការលើកឡើងរបស់សិង្ហបុរី អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះលោក ម៉ៃឃែល តាន់ (Michael Tan) ដែលបានប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការពង្រីកពង្រឹង លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងបេសកកម្មកាទូតរបស់ឯកឧត្តមកន្លងមកនេះ។
ពាក់ព័ន្ធទៅនឹងបញ្ហាជំងឺកូវីដ-១៩ សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានមានយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈសមរភូមិ៣ ដែលសមរភូមិ ទី១ គឺធ្វើយ៉ាងណាប្រយុទ្ធទប់ស្កាត់ កុំឲ្យនាំចូលជំងឺនេះមកពីប្រទេសខាងក្រៅ សមរភូមិទី២ ធ្វើយ៉ាងណាគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ទៅកាន់សហគមន៍ និងសមរភូមិទី៣ ធ្វើយ៉ាងណាព្យាបាលអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ-១៩នេះ ឱ្យជាសះស្បើយ៕






