បណ្តាញផ្លូវសំខាន់ៗជុំវិញរាជធានីភ្នំពេញ ចំនួន ២៩ ខ្សែ កំពុងជួសជុលយ៉ាងសកម្ម

0

ដោយ ៖ ហ្សូលី

ភ្នំពេញ៖ បណ្តាញផ្លូវសំខាន់ៗសរុបចំនួន ២៩ ខ្សែ ស្ថិតនៅតំបន់ជាយក្រុងជុំវិញរាជធានីភ្នំពេញ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ បច្ចុប្បន្នត្រូវបានក្រុមការងារនៃក្រសួងសាធារណការចុះជួលជុល ស្ថាបនាឱ្យមកសភាពដើម និងមានស្ថានភាពល្អប្រសើរឡើងវិញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២០នេះថា ផ្លូវមួយចំនួនកំពុងជួប្រទះការខូចខាត ក្រោយជំនន់ទឹកភ្លៀងបានវាយលុករាជធានីភ្នំពេញរួចមក។ បញ្ហានៅចំពោះមុខនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជួសជុលជាបណ្ដោះអាសន្នសិន ដេីម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

លោកបន្តថា ចំពោះការខូចខាតមធ្យម និងតិចតួច រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តេីមជួសជុលជាបន្តបន្ទាប់ ចំណែកផ្លូវទំនប់សណ្ត ស្ទឹងព្រែកត្នោត ក្រសួងបាននិងកំពុងជួសជុលហេីយ ។

មន្ត្រីជំនាញមន្ទីរសាធារណការរាជធានីភ្នំពេញបានអះអាងថា ផ្លូវចំនួន២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ជាក់ស្តែង ផ្លូវជាតិលេខ៤ បាននិងកំពុងជួសជុល ចំណែកផ្លូវជាតិលេខ ២០A ផ្លូវជាតិលេខ ៦A ក្រោយជួសជុលបណ្តោះអាសន្នរួចរាល់ និងដាក់ឱ្យ ដំណើរការបណ្តោះអាសន្នដែរ រីឯផ្លូវសំខាន់ផ្សេងៗទៀត ត្រូវបានក្រសួងសាធារណការនិងរដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងដំណើរការជួសជុលកំពុងជួសជុលលុបសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក សាំ ពិសិដ្ឋ បានឱ្យដឹងទៀតថា ក្រោយជំនន់ទឹកភ្លៀងបានស្រក ធ្វើឱ្យផ្លូវក្នុងរាជធានីភ្នំពេញចំនួន២៩ខ្សែទទួល រងការខូចខាត ផ្លូវខ្លះខូចខ្លាំង ខ្លះមធ្យម និងផ្លូវខ្លះទៀត ខូចតិចតួច ។ ចំពោះផ្លូវដែលខូចខាតខ្លាំងចាំបាច់ត្រូវមានការសិក្សា វាយតម្លៃពីក្រសួង មុននឹងអនុវត្តន៍ ប៉ុន្តែក្រសួងក៏បានជួសជុលបណ្តោះអាសន្នជាបន្តបន្ទាប់ដែរ កុំឱ្យមានគ្រោះថ្នាក់ដូចជា ផ្លូវជាតិលេខ ២។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ផ្លូវលេខ២១៧ ឬផ្លូវចំការដូងមួយកំណាត់ ដែលលិចលង់ធ្ងន់ធ្ងរ ចាប់ពីស្ពានព្រែកជ្រៃ ដល់រង្វង់មូលកួរស្រូវ អាចអនុញ្ញាតឱ្យធ្វើចរាចររថយន្តតូចៗបាន ចំពោះរថយន្តធំ មិនទាន់ឱ្យធ្វើចរាចរណ៍ទេ ព្រោះខ្លាចខូចគ្រឹះផ្លូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here