ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២០ ប្រាក់ចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញអង្ករ ទៅក្រៅប្រទេសមានការកើនឡើងជិត៤៧លានដុល្លារ ដែលកំណើននេះស្មើនឹង១៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

ជារួមទឹកប្រាក់សរុប ដែលកម្ពុជាទទួលបានពីការនាំចេញអង្ករក្នុងរយៈពេល១០ខែ មានចំនួន ៣៦៦.៤៤លានដុល្លារ។
នៅក្នុងសេចក្ដីប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០នេះ បរិមាណអង្ករនាំចេញរបស់កម្ពុជា មានចំនួន ៥៣៦ ០៣៥ តោន ដែលមានការកើនឡើង១៧.១១ភាគរយ បើប្រៀបធៀបនឹងរយៈពេល១០ខែដូចគ្នា ឆ្នាំ២០១៩។
ចំពោះទីផ្សារចម្បងនៃការនាំចេញអង្កររបស់កម្ពុជា គឺទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តរបស់ចិន (ហុងកុង ម៉ាកាវ តៃវ៉ាន់) មានចំណែក៣៦% បន្ទាប់មកគឺ បណ្តាប្រទេសចំនួន២៧នៅក្នុងទ្វីបអឺរ៉ុបមានចំណែក៣២% ហើយទីផ្សារបន្តបន្ទាប់ មានដូចជា បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៦ មានចំណែក១៣% បណ្តាប្រទេសនៅក្នុងទ្វីបអាហ្រិ្វកចំនួន១០ មានចំណែក៩% បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីនិងអូសេអានី ជាពិសេសគឺប្រទេសអូស្រ្តាលី និងញូហ្សេឡេន មានចំណែក៦% បណ្តាដែនកោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង និងអាមេរិក មានចំណែក២% និងចុងក្រោយគឺ បណ្តាប្រទេសនៅក្នុងទ្វីបអាមេរិកខាងជើង និងប្រទេសនៅក្នុងមជ្ឈឹមបូព៌ា មានចំណែក ២%។

ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល 10ខែ ឆ្នាំ2020ដូចគ្នាធៀបទៅនឹងឆ្នាំ 2019 មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ 1- ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន 24ប្រទេស មានបរិមាណសរុបចំនួន 174,391តោនកើនចំនួន 32.51%, 2- ប្រទេសចិនមាន បរិមាណ សរុបចំនួន 194,451 តោន កើនឡើងចំនួន 36.26% 3- បណ្តាប្រទេសសមាជិក អាស៊ានមាន បរិមាណ សរុបចំនួន 71,882 តោន កើនឡើងចំនួន 13.40%, និង 4- គោលដៅដ៏ទៃទៀត ចំនួន29 ប្រទេស មាន បរិមាណសរុបចំនួន 95,581 តោន បាន2020កើនឡើងចំនួន 17.83% ។ ដោយឡែក ការនាំចេញស្រូវទៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែនប្រទេសវៀតណាម សម្រាប់រយៈពេល 9ខែ28ថ្ងៃ ឆ្នាំ2020 (មកទល់ថ្ងៃទី 28 ខែតុលា ឆ្នាំ2020) មានបរិមាណសរុបចំនួន 1,427,226 តោន៕







