ដោយៈ រ៉ាណេត
សៀមរាបៈ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប នឹងត្រូវស្ថាបនាជា៤ប្រភេទផ្សេងគ្នា ដោយធ្វើឡើងទៅតាមស្ថានភាពផ្លូវ និងតម្រូវការដឹកជញ្ជូន។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធី បើកការដ្ឋានសាងសង់គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ប្រភេទទី១ចាក់បេតុងចំនួន២៥សង់ទីម៉ែត្រ ដូចជា ផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូACពីលើទេ។
ប្រភេទទី២ ជាផ្លូវចាក់បេតុងចំនួន២០សង់ទីម៉ែត្រ និងកន្លែងខ្លះ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន។ ប្រភេទទី៣ ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទី៤ អ៊ុតកៅស៊ូបេតុង១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះ នៅមានភាពរឹងមាំស្រាប់ទៅហើយ។
លោកបានបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែ ដែលមានប្រវែងសរុប១០៨គីឡូម៉ែត្រ នឹងត្រូវសាងសង់ដោយអង្គភាពរដ្ឋចំនួន៦ មានដូចជា កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នាយកដ្ឋានជួសជុល និងថែទាំផ្លូវក្រសួងសាធារណការនិងដឹកជញ្ជូន អគ្គនាយកដ្ឋានសាធារណការ នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ដោយបែងចែកជាកំណាត់ៗ ដើម្បីឱ្យការសាងសង់ធានា បានទាំងគុណភាព និងទាន់ពេលវេលាតាមការគ្រោងទុក។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដឹកនាំសាងសង់ស្ថាបនាផ្លូវទាំងនេះ បានជំរុញឱ្យមានការដោះស្រាយផលប៉ះពាល់ ទៅដល់លំនៅឋានប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវឱ្យបានចប់រួចរាល់ មុននឹងឈានទៅអនុវត្តគម្រោងនីមួយៗ។
សម្ដេចបានបញ្ជាក់ថា “ចំពោះប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប គឺការដោះស្រាយពុំមានបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ មន្ត្រីរាជការ និងអ្នកមានអំណាចមួយចំនួនទៅវិញទេ ដែលធ្វើការតវ៉ាចំពោះគម្រោងពង្រីកផ្លូវ”៕






