ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ថ្វីត្បិតកម្ពុជា ជាប្រទេសមួយដែលតូច ប៉ុន្តែសម្រាប់ការផលិត និងនាំកង់ចេញទៅកាន់ទីផ្សារអន្តរជាតិនានានៅលើពិភពលោក ត្រូវបានស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រទេសនាំកង់ចេញធំជាងគេ។

រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហេង សុខគង់ បានមានប្រសាសន៍ថា នៅក្នុងស្ថានភាពដែលប្រឈមទៅនឹងវិបត្តសេដ្ឋកិច្ចសាកលនេះ មានមុខទំនិញមួយចំនួនបានធ្លាក់ចុះ តែរោងចក្រមួយចំនួនបានរក្សាស្ថេរភាពល្អប្រសើរ ជាក់ស្តែងរោងចក្រផលិតកង់នៅកម្ពុជា បាន និងកំពុងបន្តផលិត និងបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារសហគមន៍អឺរ៉ុប បានឈរក្នុងលំដាប់លេខ១ នៅលើពិភពលោក ។
លោកបញ្ជាក់ទៀតថា ចំណាត់ថ្នាក់កម្ពុជា ជាប្រទេសនាំចេញកង់ធំជាងគេលើពិភពលោក កើតចេញពីតម្លៃនៃទីផ្សារ ជាពិសេសកម្លាំងពលកម្មនៅកម្ពុជា មានតម្លៃសមរម្យ និងមានតម្លៃសង្វាក់ផលិតកម្មល្អប្រសើរ ដែលអាចធ្វើឲ្យការប្រកួតប្រជែងមានលំនឹងល្អ។
ផ្អែកតាមតួលេខផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ នេះ កម្ពុជាបាននាំចេញកង់ជិត ២ លានគ្រឿង មានទំហំទឹកប្រាក់សរុប ជិត ៤០០ លានដុល្លារ។
ការនាំចេញកង់របស់ប្រទេសកម្ពុជា ទៅកាន់ទីផ្សារធំៗដូចជា អាមេរិក ជាង ៥៥ ម៉ឺនគ្រឿង អាល្លឺម៉ង់ ជាង ៣៦ ម៉ឺនគ្រឿង, អង់គ្លេសជាង ២៧ ម៉ឺនគ្រឿង, ប៊ែលហ្សិក ជាង ១៥ ម៉ឺនគ្រឿង, នីដាលែន ជាង ៩ ម៉ឺនគ្រឿង និងការនាំពេញទៅកាន់ទីផ្សារអូស្ត្រាលី មានចំនួនជាង ១០ ម៉ឺនគ្រឿង និងមានការនាំចេញទៅកាន់ទីផ្សារផ្សេងៗដទៃទៀត៕







