ដោយៈ សាវុធ
ភ្នំពេញៈ ប្រាក់ដុល្លារអាមេរិកបានចុះខ្សោយ ក្នុងរយៈពេលការតំណែងរបស់ប្រធានាធិបតីដូណាល់ត្រាំ។ ការកាត់បន្ថយពន្ធ ឱនភាពពាណិជ្ជកម្មច្រើនជាងមុន និងការកាត់បន្ថយអត្រាការប្រាក់ជាច្រើន ពីធនាគារកណ្តាលបានជំរុញឱ្យប្រាក់ដុល្លារធ្លាក់ចុះទាប។

ប៉ុន្តែទោះបីជាលោក Trump ចាញ់លោក Joe Biden ក៏ដោយក៏ប្រាក់ដុល្លារអាចនឹងមិនស្ទុះងើបឡើងវិញភ្លាមៗនោះដែរ។
រដ្ឋបាលរបស់ Joe Biden ទំនងជានឹងជំរុញឱ្យមាន កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចកាន់តែច្រើន សម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មខ្នាតតូច ដោយសារតែការរីករាលដាលនៃជំងឺ Covid-19។
ការចំណាយនេះ អាចនឹងធ្វើឱ្យប្រាក់ដុល្លារចុះខ្សោយបន្តិចបន្តួច ឬរក្សាតម្លៃឱ្យនៅដដែល។
លោក Biden ក៏អាចជំរុញការចំណាយច្រើន របស់រដ្ឋាភិបាលទៅលើហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា ការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងកម្មវិធីថាមពលបៃតងផ្សេងទៀត។
លោក Lukman Otunuga អ្នកវិភាគស្រាវជ្រាវជាន់ខ្ពស់នៅក្រុមហ៊ុន FXTM បាននិយាយថា “លទ្ធផលនៃរលកខៀវ អាចមានលក្ខណៈអវិជ្ជមានសម្រាប់ប្រាក់ដុល្លារ ដោ យសារតែកញ្ចប់ជំរុញកាន់តែធំឡើង ដោយគណបក្សប្រជាធិបតេយ្យ ក្នុងការដាក់សម្ពាធអតិផរណា”។
ទោះយ៉ាងណា អ្នកជំនាញរូបិយវត្ថុមួយចំនួននិយាយថា វាអាចមានលទ្ធភាពនៃ “ភាពល្អប្រសើរ” ដែលអាចបង្កើនតម្លៃប្រាក់ដុល្លារ ប្រសិនបើលោក Biden ឈ្នះការបោះឆ្នោត ហើយលោកនឹងស្តារគោលនយោបាយពាណិជ្ជកម្មឱ្យមានភាពឡើងវិញ។
លោក Joe Biden ទំនងនឹងកាន់ជំហរទន់ភ្លន់ លើពន្ធគយជាមួយសម្ព័ន្ធមិត្តដូចជាអឺរ៉ុប ម៉ិចស៊ិកូ និងកាណាដា នោះនឹងល្អសម្រាប់ប្រាក់ដុល្លារ៕






