ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលនៃប្រទេសរុស្ស៊ីបានមើលឃើញពីចំណុចល្អ និងសក្ដានុពលរបស់កម្ពុជា ដែលកំពុងមាន រួមជាមួយនឹងគម្រោងធ្វើកាលានុវត្តភាព លើការបោះទុនវិនិយោគបន្ថែមទៀតនៅពេលខាងមុខនេះ។

នៅក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា លោក Anatoly Borovik បានមានប្រសាសន៍ថា កិច្ចទំនាក់ទំនងរវាងកម្ពុជា- រុស្សុី គឺមានភាពល្អប្រសើរ និងស្និទ្ធស្នាល ហើយរដ្ឋាភិបាលរុស្សុី នឹងនៅតែបន្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបន្ថែមទៀត។
លោកបានបន្តថា “កាលពីពេលកន្លងទៅនេះ រដ្ឋាភិបាលរុស្ស៊ី បានជួយដល់កម្ពុជានៅក្នុងវិស័យសំខាន់ៗជាច្រើនដូចជា វិស័យអប់រំ សុខាភិបាល ការបណ្តុះបណ្តាលជំនាញ និងជំនួយបច្ចេកទេស ក៏ដូចជាការផ្តល់នូវអាហាររូបករណ៍ដល់និស្សិកម្ពុជា ឱ្យទៅសិក្សានៅសហព័ន្ធរុស្សីផងដែរ”។
លោកបញ្ជាក់ថា ដោយមើលឃើញពីសក្ដានុពលនៃប្រទេសកម្ពុជា មានក្រុមហ៊ុនរុស្ស៊ីជាច្រើន ទាំងក្រុមហ៊ុនធំ និងមធ្យម កំពុងចាប់អារម្មណ៍ និងស្វែងរកកាលានុវត្តភាពក្នុងការដាក់ទុនវិនិយោគ និងប្រកបធុរកិច្ចនៅកម្ពុជាបន្ថែមទៀត។ ក្នុងន័យនេះចង់បញ្ជាក់ថា នៅពេលខាងមុខនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ នឹងមានការកើនឡើងជាបន្តបន្ទាប់។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញពីកិច្ចសាទរ និងគាំទ្រទៅលើគម្រោង នៃការធ្វើការលានុវត្តនន៍ភាពដាក់ទុនវិនិយោគនៅកម្ពុជា រួមជាមួយនឹងការថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសរុស្ស៊ី ដែលតែងតែជួយជ្រោមជ្រែងដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា “រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងប្រទេសទាំង២ឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញកំណើនសេដ្ឋកិច្ចជាតិ”៕






