ដោយ ហ្សូលី
ភ្នំពេញ៖ វិនិយោគិនចិនមានបំណងចូលខ្លួនមកវិនិយោគរោងចក្រចំនួន ៦ កន្លែងបន្ថែមទៀតនៅខេត្តកំពង់ស្ពឺ ដែលជាឱកាសមាសក្នុងការផ្តល់ឱកាសជាច្រើនកន្លែងដល់ប្រជាពលរដ្ឋកម្ពុជា។ នេះបើតាមឱ្យដឹងពីលោកអភិបាលខេត្តកំពង់ស្ពឺ វ៉ី សំណាង។
រោងចក្រចំនួន ៦ ដែលជាការវិនិយោគពីវិនិយោគិនចិន គឺជារោងចករ្ផលិតគ្រឿងសម្អាងស្រ្តីដូចជា ក្រវិល ចិញ្ចៀន ខ្សែក កងដៃ និងប្រដាប់កៀបសក់ជាដើម ក្នុងគោលបំណងនាំចេញទៅកាន់ទីផ្សារអាមេរិក។ ការបង្កើតរោងចក្រចំនួន ៦ ទីតាំងនេះ នឹងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិចណាស់ ៣០០០កន្លែង។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ក្រុមអ្នកវិនិយោគមកពីប្រទេសចិនមានបំណងបណ្តាក់ទុនសាងសង់រោងចក្រផលិតគ្រឿងសម្អាងស្រ្តីរហូតដល់ ៦ កន្លែង នៅក្នុងខេត្តកំពង់ស្ពឺ ដោយវិនិយោគិនសម្លឹងឃើញពីភាពអំណោយផលនៃកត្តាភូមិសាស្រ្ត និងសក្តានុពលរបស់ខេត្តទាំងមូល។
យ៉ាងណាមិញ លោកអភិបាលខេត្តរូបនេះ មិនបានបញ្ជាក់ពីឈ្មោះរបស់ក្រុមហ៊ុនវិនិយោគ និងទីតាំងបានទេ ព្រោះលោកអភិបាលបារម្ភខ្លាចក្រែងតម្លៃដីមានការកើនឡើងខ្ពស់។ នេះគឺជាសមិទ្ធផលថ្មីស្រឡាង១បន្ថែមទៀត ដែលខេត្តកំពង់ស្ពឹសម្រេចបានយ៉ាងរលូន។
វិនិយោគិនបានចាប់អារម្មណ៍លើការវិនិយោគជាច្រើនទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ជាពិសេសទីតាំងចំនួន ៣ ដែលមានការចាប់អារម្មណ៍ខ្លាំង គឺ នៅតាមបណ្តោយជាតិលេខ៤៤ ផ្លូវជាតិ ៥១ និងផ្លូវជាតិ ៤១ ដែលជាផ្លូវជាតិដ៏មានសក្តានុពលក្នុងការវិនិយោគ និងមានសេដ្ឋកិច្ចល្អ។ រដ្ឋបាលខេត្តកំពង់ស្ពឹ បានគាំទ្រ និងចូលរួមសហការយ៉ាងពេញទំហឹង ដើម្បីសម្រួលគ្រប់និតិវិធី ក្នុងការធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគរបស់វិនិយោគិនទាំងនោះទទួលបានជោគជ័យ ស្របតាមផែនការដែលបានគ្រោងទុក៕






