លោក Joe Biden ត្រៀមដើរលើកម្រាលព្រំក្រហមឆ្ពោះទៅកាន់សេតវិមាន

0

ដោយ៖ ប៊ី
អន្តរជាតិ៖ លោក ចូ បៃដិន (Joe Biden) បេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ កំពុងមានសំឡេងនាំមុខលោក ដូណាល់ ត្រាំ (Donald Trump មកពីបក្សសាធារណរដ្ឋនៅរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) ថែមមួយទៀត នៅវេលាម៉ោង ៩៖០០នាទីព្រឹកថ្ងៃសុក្រ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ (ម៉ោងនៅកម្ពុជា) ធ្វើឱ្យលោកមានភាគរយ កាន់តែច្រើនក្នុងការកា្លយជាប្រធានាធិបតីអាមេរិកទី៤៦។

យោងតាមសារព័ត៌មាន Fox News បានឱ្យដឹងថា លោក Joe Biden កំពុងនាំមុខលោក ត្រាំ ជិត ៧,០០០សំឡេងនៅក្នុងរដ្ឋ Pennsylvania។ ការនាំមុខនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក បៃដិន ក៏បាននាំមុខត្រាំនៅក្នុងរដ្ឋ Georgia ផងដែរ ដែលសុទ្ធតែជារដ្ឋសំខាន់ៗ ដែលអាចសម្រេចជោគវាសនា អនាគតប្រធានាធិបតីអាមេរិកទី ៤៦។

រហូតមកទល់ពេល បេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានកំពុងនាំមុខ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដដែលក្នុងសំឡេងអ្នកបោះឆ្នោតតំណាង ២៦៤រូប ទល់នឹង ២១៤រូប។

នៅក្នុងរដ្ឋទាំងបីដែលលោក បៃដិន កំពុងនាំមុខដូចជា Nevada, Pennsylvania និង Georgia ទោះបីជាលោកឈ្នះលោក ត្រាំ ក្នុងរដ្ឋមួយណាមុនក៏ដោយ ក៏អាចគ្រប់សំឡេង ដើម្បីឈ្នះក្លាយជាប្រធានាធិបតីអាមេរិកដែរ។

ប្រសិនបើលោក Biden នៅតែអាចរក្សាការនាំមុខរបស់លោក នៅក្នុងរដ្ឋ Pennsylvania ដែលមានអង្គបោះឆ្នោតចំនួន ២០រូបនេះ នោះលោកពិតអាចបង្កើនសំឡេង ដើម្បីអាចក្លាយជាប្រជាធានាធិបតីអាមេរិក អាណត្តិថ្មីបាន ត្បិតថានៅពេលនេះបេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យរូបនេះ កំពុងមានអង្គបោះឆ្នោត ឬអ្នកបោះឆ្នោតតំណាងនៅក្នុងដៃសរុប ២៦៤រូបរួចស្រេចទៅហើយ ខណៈចំនួនអង្គបោះឆ្នោតសរុប ដើម្បីជាប់ឆ្នោតប្រធានាធិបតីគឺ ២៧០រូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here