ដោយ ៖ រ៉ាណេត
រតនៈគីរី ៖ ស្របទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ក្នុងការជំរុញ និងបង្កើនចលនាទេសចរណ៍ឱ្យកាន់តែសម្បូរបែបនៅកម្ពុជា សម្រាប់តែខេត្តរតនៈគីរី ដែលស្ថិតនៅប៉ែកឦសាន្តនៃប្រទេសកម្ពុជា បានបង្កើតគោលដៅទេសចរណ៍ថ្មីចំនួន៦ទីតាំងបន្ថែមទៀត ពីលើតំបន់អេកូទេសចរណ៍ដែលមានស្រាប់។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ខេត្តរតនគិរីមានតំបន់អេកូទេសចរណ៍ធម្មជាតិសរុបចំនួន ១៤ កន្លែង ដូចជា បឹងយក្សឡោម ,ទឹកជ្រោះកាចាញ ,ភ្នំឥស្សីបតមៈ, ទឹកជ្រោះចាអ៊ុង ,វាលថ្មរំប្លង់ ,ទឹកជ្រោះកាទៀង ,ទឹកជ្រោះអូរស៊ិនលែរ៍,ទឹកជួរតាតតៃ,បឹងលំកុដយក្ស ,ឱមយក្សការ៉ា ជម្រកសត្វព្រៃ ឧទ្យានជាតិវីរជ័យ ,ទឹកជួរទឹងនិងកោះសំពៅដែលទាក់ទាញភ្ញៀវទេសចរ
យ៉ាងខ្លាំង ។
លោកបានបន្តថា “នៅឆ្នាំ២០២០នេះ មន្ទីរទេសចរណ៍រួមជាមួយដៃគូអភិវឌ្ឍន៍បាន
បង្កើតតំបន់ទេសចរណ៍កែច្នៃចំនួន៦កន្លែងបន្ថែមទៀត ដើម្បីបម្រើដល់វិស័យទេសចរណ៏ឱ្យកាន់តែសម្បូរបែប។ កន្លែងកម្សាន្តនៅ
ក្នុងខេត្តរតនគិរី គឺសុទ្ធសឹងជាតំបន់អេកូទេសចរណ៍ធម្មជាតិទាំងអស់។ ដោយឡែក កាលពីឆ្នាំ ២០១៩ កន្លែងកម្សាន្ត
មាន ១៤កន្លែង ហើយឆ្នាំ ២០២០នេះយើងមាន ២០ កន្លែង កើន៦កន្លែងទៀត ដែលជាគោលដៅទេសចរណ៍ថ្មីៗសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិធ្វើទស្សនកិច្ច”។
តំបន់ទេសចរណ៍ធម្មជាតិបែបកែច្នៃចំនួន៦ទីតាំងដែលត្រូវបានបង្កើតឡើងថ្មី រួមមាន : ទី១.រតនរីសត ទី២.ភូមិខ្មែររីសត ទី៣.ម្លិះកន្និកាប៉ារ៉ាឌី ទី៤.ភូមិយើងរីសត ទី៥.ចំការដូងរីសត និងទី៦. ផារ៉ារីសត ដែលមានទេសភាពយ៉ាងស្រស់ស្អាតរួមជាមួយការកែច្នៃយ៉ាងទាក់ទាញផងដែរ ។
ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា បានបង្ហាញពីការសាទរ និងគាំទ្រទៅនឹងការបង្កើតតំបន់គោលដៅទេសចរណ៍ថ្មីៗនៅក្នុងខេត្តរតនគីរី ដែលជាផលិតផលទេសចរណ៍ថ្មីនៅក្នុងខេត្តមួយនេះ។
លោកស្រីបានបញ្ជាក់ថា មួយរយៈចុងក្រោយនេះ អ្នកទេសចរបានសំដែងការសប្បាយរីករាយចំពោះដំណើរកម្សាន្ត សម្រាកលំហែរកាយជាមួយធម្មជាតិវាលស្មៅ និងព្រៃធំដ៏ល្អស្អាតនៃតំបន់វាលធំធេងដែលស្ថិតនៅប៉ែកឦសាន្តប្រទេស។ លើពីនេះនៅក្នុងតំបន់នេះ ភ្ញៀវទេសចរបានឃើញហ្វូងសត្វខ្ទីង ស្វាកន្ទុយស ស្វាព្រាហ្ម ឈ្លូស ប្រើស បានឃើញ និងលឺសម្លេងសត្វស្លាប សត្វទោចយំជាច្រើន នៅជុំវិញកន្លែងបោះតង់ និងដំណើរកម្សាន្តផងដែរ។ ទាំងអស់នេះ គឺជារូបភាពដ៏ទាក់ទាញមួយនៅក្នុងវិស័យទេសចរណ៍បែបធម្មជាតិ៕