ដោយ វឌ្ឃនៈ
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបន្តរៀបចំសិក្ខាសាលាពិភាក្សាលើគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ បន្ថែមទៀត ដើម្បីឱ្យភាគីពាក់ព័ន្ធយល់ដឹងកាន់តែច្បាស់ និងហាមឃាត់កុំឱ្យមានការររំលោភបំពានដីចំពោះគម្រោងដែលត្រូវសាងសង់។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រសួងមិនមែនធ្វើសិក្ខាសាលាតែម្តងនោះទេ គឹនឹងមានការរៀបចំបន្តទៀតនាពេលខាងមុខនេះ ប៉ុន្តែ ក្រសួងមិនទាន់បានកំណត់ថ្ងៃជាក់នៅឡើយទេ។
លោកបន្តថា សម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤នេះ ក្រសួងនិងភាគីពាក់ព័ន្ធ នឹងបន្តពិភាក្សាគ្នាបន្ថែមទៀត តាមរយៈការរៀបចំឱ្យមានសិក្ខាសាលា នាពេលខាងមុខនេះ ហើយការធ្វើសិក្ខាសាលាកន្លងមកនេះ មិនទាន់សម្រេចជាផ្លូវការទេ។
លោកបន្ថែមទៀតថា កិច្ចការនេះ ទាមទាក្នុងរយៈពេលវែងទៅមុខទៀត និងអាចធ្វើសិក្ខាសាលាជាច្រើនសារថែមទៀត ដើម្បីដំណើរការឱ្យគម្រោងមួយនេះ មានប្រព្រឹត្តទៅដោយរលូន។
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែតុលាកន្លងមកនេះ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ យន្តការការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និងតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការពិគ្រោះយោបល់ ជាមួយបណ្តាក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍អំពីផលប៉ះពាល់លើ អនុវត្តគម្រោងនេះ និងដើម្បីប្រមូលធាតុចូលបន្ថែមឱ្យគ្រប់ជ្រុងជ្រោយ សម្រាប់ការអនុវត្តគម្រោងផ្លូវក្រវាត់ក្រុងទី៤នេះមានភាពរលូន និងប្រសិទ្ធភាពខ្ពស់។
លោកលីម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបញ្ជាក់នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់នោះថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៤ ជាផ្លូវមួយមានសារៈសំខាន់ ដែលនឹងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត” ។
លោកបន្តថា ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែលក្រសួងបានឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន សិក្សាតាំងពីឆ្នាំ២០១៨ បានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និងខេត្តព្រៃវែង។
លោកបន្ថែមថា ក្រៅពីការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តាមដងផ្លូវខុសច្បាប់ ឬការទន្ទ្រាន យកដីចំណីផ្លូវយកមកគ្រប់គ្រង បានធ្វើឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កឱ្យ កកស្ទះ ដល់ហេដ្ឋា រចនាសម្ព័ន្ធ ប្រព័ន្ធលូបង្ហូរទឹក ប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជន ឬទីក្រុង បានធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងកាក់សំណល់ ការសម្អាតបរិស្ថានថែមទៀតផង។
លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថានៅពេលដែលចាប់ផ្តើមសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ នឹងទទួលបានផលរីកចំរើនទាំងផ្ទាល់ ឬក៏ដោយប្រយោលពីតំបន់ឆ្លងកាត់ទាំងនោះ ។
លោកបន្តថា ដីដែលនៅក្បែរហ្នឹង ដូចជានៅពីក្រោយដីដែលជាប់ផ្លូវហ្នឹង ឬដីដែលមានទំនាក់ទំនងជាមួយនឹងផ្លូវក្រវ៉ាត់ក្រុង អាចនឹង កសាង ឬអភិវឌ្ឍន៍នៅក្នុងតំបន់នេះឱ្យមានការរីកចំរើន ។ ទាំងនេះ គឹជាភាពវិជ្ជមាននៃការសាងផ្លូវក្រវ៉ាត់ក្រុង និងការសាងផ្លូវដើម្បីធ្វើឱ្យ តំលៃអចលនទ្រព្យ មានកំណើតស្ថិតនៅក្នុង និងអាចទទួលយកបាន។
លោកច្រឹក សុខនីមបញ្ជាក់ទៀថា “ជាពិសេស នៅពេលដែលមានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ តំបន់នៅក្បែរ និងផ្លូវក្រវ៉ាត់ក្រុងនេះអាចនឹងយកមក អភិវឌ្ឍន៍ជាបុរី លំនៅឋាន ផ្ទះលម្ហែកាយ ឬក៏តំបន់ពាណិជ្ជកម្ម តំបន់ឧស្សាកម្មផ្សេងៗទៀត ដែលបំរើដល់ជំនួញ និងអាជីវកម្មនានាសម្រាប់បំរើនៅក្នុងស្រុក និងធ្វើការនាំចេញទៅក្រៅប្រទេស” ៕