ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលយកសំណើចំនួន ២៥ ចំណុចសំខាន់ៗពីវិស័យឯកជន ដែលតំណាងដោយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីប្រមូលជាធាតុចូលបន្ថែមពិភាក្សា និងរៀបចំសេចក្ដីព្រៀងច្បាប់វិនិយោគថ្មីនៅកម្ពុជា ដើម្បីជំរុញ និងទ្រទ្រង់លើគម្រោងវិនិយោគទាំងក្នុងស្រុក និងកៀរគរក្រុមហ៊ុនអន្តរជាតិបន្ថែមទៀត។

សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានចូលរួមនៅក្នុងវេទិការជជែក និងពិភាក្សាទៅលើសេចក្ដីព្រៀងច្បាប់វិនិយោគថ្មីនៅកម្ពុជា នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយបានដាក់សំណើចំនួន២៥ចំណុចនៅក្នុងកិច្ចប្រជុំ ជាពិសេសផ្តោតសំខាន់ទៅលើការពង្រីកសិទ្ធិសម្រេចរបស់អនុគណៈកម្មការវិនិយោគនៅតាមបណ្តាខេត្តក្រុងឱ្យកាន់តែធំទូលាយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧញ៉ា លឹម ហេង បានមានប្រសាសន៍ថា នៅក្នុងចំណោមសំណើទាំង២៥ដែលបានដាក់ស្នើសុំការសម្រេចពីរាជរដ្ឋាភិបាលនេះ សំណើចំនួន១ ដែលគិតថា មានសារសំខាន់ និងបង្កភាពងាយស្រួលដល់បណ្តាធុរជននៅតាមបណ្តាខេត្តក្រុងនានា គឺការពង្រីកសិទ្ធិសម្រេចរបស់អនុគណកម្មការវិនិយោគ ឬហៅថា CDC នៅតាមបណ្តាខេត្ត។
លោកឧកញ៉ាបន្តថា “ច្បាប់វិនិយោគចាស់ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ និងនៅបន្តអនុវត្តដល់ពេលបច្ចុប្បន្ននេះ ការសម្រេចរបស់ CDC តាមខេត្តទៅលើគម្រោងវិនិយោគនានាមានទំហំត្រឹមតែ២លានដុល្លារចុះក្រោម។ ទំហំនៃការវិនិយោគនេះ បើកាលពីមុនវាពិតជាធំ និងច្រើនមែន ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះ ត្រឹម២លានដុល្លារមិនមែនជាទំហំវិនិយោគធំទៀតនោះទេ។ ដូច្នេះលទ្ធភាពនៃការសម្រេចទៅលើគម្រោងវិនិយោគនៅតាមបណ្តាខេត្តនេះ គួរតែមានទំហំ១០លានដុល្លារចុះក្រោម ហើយរាល់ការរៀបចំឯកសារពាក់ព័ន្ធផ្សេងៗ ត្រូវតែអនុវត្តនៅច្រកចេញចូលតែមួយ ដែលជាការបង្កភាពងាយស្រួលដល់ការវិនិយោគ ក៏ដូចជាជំរុញ និងលើកទឹកចិត្តដល់ធុរជនទាំងក្នុងស្រុក និងមកពីក្រៅប្រទេសផងដែរ” ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍បន្តទៀតថា “យើងឆ្ងល់ថា ហេតុអ្វីបានជារោងចក្រ សហគ្រាស ផ្សេងៗភាគច្រើនមានតែនៅតំបន់ក្បែររាជធានីភ្នំពេញ? ហេតុផលគឺមកពីការសម្រេចទៅលើទំហំវិនិយោគនានាដែលមានតម្លៃចាប់ពី២លានដុល្លារឡើងទៅត្រូវស្ថិតនៅក្នុងការសម្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយទាំងការរត់ការឯកសារពាក់ព័ន្ធជាមួយក្រសួង ស្ថាប័នមួយចំនួនគឺត្រូវធ្វើនៅរាជធានីភ្នំពេញ ដូច្នេះហើយបានជាជំរុញឱ្យអ្នកវិនិយោគ ក៏ដូចជាក្រុមហ៊ុនទាំងនោះភាគច្រើនដាក់ទីតាំងនៅតំបន់ក្បែរ ឬជុំវិញរាជធានីភ្នំពេញ”។
លោកឧកញ៉ាបញ្ជាក់ថា “គ្មានអ្នកណាចង់ដឹកវត្ថុធាតុដើមពីផែខេត្តព្រះសីហនុមកកាន់ភ្នំពេញដើម្បីផលិត ហើយដឹកយកផលិតសម្រេចទៅផែខេត្តព្រះសីហនុវិញនោះទេ។ ដូច្នេះប្រសិនបើ CDC ខេត្តអាចមានសិទ្ធិសម្រេចខ្ពស់ ហើយរាល់ការរៀបចំឯកសាររដ្ឋបាលពាក់ព័ន្ធត្រូវបានធ្វើឡើងនៅច្រកចេញចូលតែមួយ ខ្ញុំជឿថា ទាំងរោងចក្រ សហគ្រាស ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍នឹងមានរីកដុះដាលនៅតាមបណ្តាខេត្តកាន់តែច្រើន ហើយអាចកាត់បន្ថយការចំណាកស្រុក និងជួលលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់ឱកាសការងារនៅក្នុងមូលដ្ឋានដែលកំពុងរស់នៅយ៉ាងប្រាកដ” ៕






