អ្នកជំនាញ ៖ អ្នកធ្វើជំនួញដីធ្លីបែបឆក់ឱកាសដោយមិនមានភាពស្មោះត្រង់នឹងជួបហានិភ័យខ្ពស់បំផុត

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មិនថាស្ថិតនៅក្នុងកាលទេសៈណា ទីផ្សារដីធ្លីនៅកម្ពុជា នៅតែមានប្រជាប្រិយភាពខ្ពស់ជាងគេសម្រាប់ការទិញ-លក់នៅក្នុងវិស័យអចលនទ្រព្យ។ ជាក់ស្ដែងនៅពេលបច្ចុប្បន្ន ទោះជាមានប្រឈមទៅនឹងវិបត្តិសាកលយ៉ាងណាក៏ដោយ ការទិញ-លក់ដីធ្លី នៅតែមានសកម្ម រហូតមានអ្នកខ្លះហ៊ានធ្វើការវិនិយោគដោយភាពប្រថុយប្រថាន និងឆក់ឱកាសដែលមិនមានស្មោះត្រង់ប្រឈមនឹងហានិភ័យខ្ពស់បំផុត។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance Property លោក ឡុង គឹមសួគ៌ បានយល់ទទួលស្គាល់ថា ទីផ្សារនៃការទិញ-លក់ដីធ្លីនៅកម្ពុជា ពិតជាមានប្រជាប្រិយភាពខ្លាំងដោយសារតែមានតម្រូវការច្រើន ហើយអត្រានៃការទទួលបានប្រាក់ចំណេញពីការវិនិយោគស្ថិតនៅកម្រិតខ្ពស់។

លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍បញ្ជាក់ថា “ការទិញដីសម្រាប់វិនិយោគសុទ្ធតែមានឱកាសចំណេញ ជាពិសេសដីដែលស្ថិតនៅទីតាំងល្អ ក្នុងតំបន់ដែលមានគម្រោងអភិវឌ្ឍន៍ ហើយកម្រិតនៃការទទួលបានប្រាក់ចំណេញតិច ឬច្រើនក៏អាស្រ័យទៅលើទំហំនៃការវិនិយោគ និងល្បឿននៃការអភិវឌ្ឍន៍នៅក្នុងតំបន់ផងដែរ”។

លោកបានបន្តថា “ដោយសារតែទីផ្សារដីធ្លីអាចផ្តល់នូវអត្រាចំណេញបានច្រើនជាងការវិនិយោគផ្នែកដទៃទៀត បច្ចុប្បន្នមានឈ្មួញមួយចំនួនប្រើយុទ្ធសាស្ត្រដើរទិញដីសម្រាប់វិនិយោគដោយការឆក់ឱកាស និងមិនមានភាពស្មោះត្រង់ដែលមានភាពប្រឈមខ្ពស់ ហើយបង្កឱ្យប៉ះពាល់ដល់ទីផ្សាររួម។ ការវិនិយោគដោយមិនមានភាពស្មោះត្រង់ ឬជាការវិនិយោគដោយឆក់ឱកាសនេះត្រូវបានបង្ហាញក្នុងរូបភាពដូចជា ពួកគាត់បានចុះទិញដីក្នុងតម្លៃចរចាណាមួយ ហើយធ្វើការកក់ប្រាក់មួយចំនួន ហើយនឹងត្រូវបង់បន្ថែមតាមកិច្ចសន្យាជាដំណាក់កាលទាំងដែលខ្លួនឯងមិនមានលុយគ្រប់គ្រាន់ ហើយខំប្រឹងរកអតិថិជនមកទិញបន្តដើម្បីទទួលបានចំណេញ”។

លោកថា “នៅពេលដល់ពេលវេលាកំណត់ត្រូវបង់តាមដំណាក់កាល នៅតែមិនទាន់រកអ្នកទិញបន្ត វាគឺជាហានិភ័យខ្ពស់បំផុត ដែលត្រូវបាត់បង់លុយកក់ ឬអាចខ្ចីលុយពីវិស័យឯកជន ដោយបង់អត្រាការប្រាក់ខ្ពស់ ដើម្បីបង់ជាតំណាក់កាល។ ក្នុងរូបភាពបែបនេះ គឺជាទង្វើមួយដែលមិនគួរអនុវត្តទេ ហើយប្រសិនបើពួកគាត់អាចលក់បន្តឱ្យអតិថិបានដូចបំណង ក៏ស្ថិតនៅក្នុងទង្វើមិនមានភាពស្មោះត្រង់ជាមួយម្ចាស់ដីដើម ដែលធ្វើឱ្យបាត់បង់នូវទំនុកចិត្ត ឬអន់ចិត្តជាមួយគ្នា”។

ជាមួយនឹងការលើកឡើងខាងលើនេះ លោក ឡុង គឹមសួគ៌ បានមានបញ្ជាក់ថា ប្រសិនសកម្មភាពនៃវិនិយោគបែបនេះមានកាន់តែច្រើន វានឹងបង្កើតឱ្យមានភាពរញ៉េរញ៉ៃ ប៉ះពាល់ដល់ទីផ្សាររួម ជាពិសេសបាត់បង់ទំនុកចិត្តពីអ្នកវិនិយោគជាដៃគូដែលប្រកាន់នូវក្រមសីលធម៌ និងភាពស្មោះត្រង់ជាមួយអតិថិជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here