ដោយ ៖ ហ្សូលី
ភ្នំពេញ ៖ ក្រុមហ៊ុនបរទេសល្បីៗដែលបម្រើលើសេវាកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា នឹងត្រូវរដ្ឋាភិបាលចាត់វិធានការត្រៀមប្រមូលពន្ធ ព្រោះក្រុមហ៊ុនទាំងនោះដំណើរការនៅក្នុងកម្ពុជាដោយមិនមានការចុះបញ្ជីត្រឹមត្រូវឡើយ។
ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសល្បីៗដែលរកចំណូលបានយ៉ាងច្រើនពីសេវាកម្មរបស់ខ្លួនដូចជា ក្រុមហ៊ុន Netflix ក្រុមហ៊ុន Amazon ក្រុមហ៊ុន Alibaba ក្រុមហ៊ុន Facebook និង ក្រុមហ៊ុន Google ជាដើម នឹងត្រូវរដ្ឋាភិបាលកម្ពុជាពិចារណាយកពន្ធ ខណៈដែលក្រុមហ៊ុនទាំងនោះមិនបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា។
គោលបំណងនេះត្រូវបានលើកឡើងក្នុងអំឡុងកិច្ចប្រជុំរវាងលោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT)។ ភាគីទាំង២បានពិភាក្សាអំពីយន្តការប្រមូលពន្ធពីការលក់សេវាឌីជីថលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនោះ ដោយរកចំណូលបានពីអ្នកប្រើប្រាស់នៅកម្ពុជា។
លោក ជា វ៉ាន់ដេត បានឱ្យដឹងថា ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នឹងសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីបង្កើនចំណូលពន្ធជូនរដ្ឋ ជាពិសេសក្រុមហ៊ុន ផ្ដល់សេវាឌីជីថល និងប្រតិបត្តិករទូរគមនាគមន៍ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ បច្ចុប្បន្នកម្ពុជា និងបណ្ដាប្រទេសជាច្រើនផ្សេងទៀតបន្តការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
លោក គង់ វិបុល បានបង្ហាញការគាំទ្ររបស់លោកចំពោះផែនការរៀបចំឱ្យមានបណ្ដុំទិន្នន័យ (Big Data) ដោយធ្វើសមាហរណកម្មទិន្នន័យថ្នាក់ជាតិគ្រប់វិស័យបញ្ចូលគ្នា និងចែករំលែកព័ត៌មានជាមួយក្រសួងពាក់ព័ន្ធទាំងកម្រិតជាតិ និងក្រោមជាតិ។
កាលពីពាក់កណ្ដាលខែតុលា ក្រសួងពាណិជ្ជកម្មបានអំពាវនាវឱ្យម្ចាស់អាជីវកម្មអេឡិចត្រូនិកដាក់ពាក្យសុំ ការអនុញ្ញាត និងសុំអាជ្ញាប័ណ្ណ ដើម្បីប្រតិបត្តិការស្របច្បាប់នៅកម្ពុជា បន្ទាប់ពីច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិក បានចូលជាធរមានកាលពីខែវិច្ឆិកា ឆ្នាំមុន។ គោលបំណងក្នុងការត្រួតពិនិត្យក្រុមហ៊ុនអេឡិចត្រូនិកដែលមាន មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា និងអាចឱ្យសហគ្រាសធុនតូច និងមធ្យមរួមបញ្ចូលគ្នាទៅក្នុងចង្វាក់តម្លៃជាប់ទាក់ទងនឹងទីផ្សារក្នុងស្រុក និងអន្តរជាតិ៕






