ទំហំពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជាសម្រេចបានជាង១៣,២ពាន់លានដុល្លារ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គិតត្រឹមរយៈពេល៣ត្រីមាស ឆ្នាំ២០២០កន្លងទៅនេះ កម្ពុជាបានធ្វើពិពិធកម្មលើវិស័យពាណិជ្ជកម្មនៃការនាំចេញទៅកាន់ទីផ្សារអន្តរជាតិមានកំណើនដល់ជាង ១៣,២ពាន់លានដុល្លារ កើនឡើងប្រមាណ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅនេះ។

ផ្អែកតាមរបាយការណ៍អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីចុងសប្ដាហ៍កន្លងទៅនេះបានបង្ហាញថា ការធ្វើពាណិជ្ជកម្មលើការនាំចេញរបស់កម្ពុជា គិតត្រឹមរយៈពេល៣ត្រីមាស ឬ៩ខែ នៃឆ្នាំ២០២០ នេះ មានទំហំទឹកប្រាក់ប្រមាណជាង ១៣, ២ ពាន់លានដុល្លារ កើនឡើង ១៩ភាគរយ ដែលនៅតែរក្សាបាននូវសញ្ញាវិជ្ជមាននៅក្នុងវិស័យមួយនេះ។

នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ទៀតថា ទំនិញដែលមានកំណើនលើការនាំចេញខ្ពស់ជាងគេ រួមមានដូចជា អង្ករ កង់ គ្រឿងអគ្គិសនី និងផលិតផលកសិកម្មមួយចំនួនទៀត ជាពិសេស សណ្តែក គ្រាប់ស្វាយចន្ទី និងចេក ។ ចំណែកពាណិជ្ជកម្មនៃការនាំចូលវិញ បើគិតត្រឹមរយៈពេល ៨ ខែ ឆ្នាំ២០២០ ការនាំចូលមានទំហំទឹកប្រាក់សរុបជាង ១១ ម៉ឺនលានដុល្លារអាមេរិក ដោយបានធ្លាក់ចុះក្នុងអត្រាអវិជ្ជមានប្រមាណ ១១,១៦ភាគរយ។

ជាមួយគ្នានេះ តាមការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៤.៨២៨ លានដុល្លារ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដែលកើនឡើងប្រមាណ ២២ ភាគរយ។ ម៉្យាងវិញទៀត ការនាំចូលពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាមានការថយចុះយ៉ាងខ្លាំងដោយធ្លាក់ចុះ ៧២ ភាគរយស្មើនឹង ២៣២ លានដុល្លារ ក្នុងរយៈពេលដូចគ្នា។

ដោយឡែកពាក់ព័ន្ធការវិនិយោគ, នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២០ នេះកន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីបន្ថែមទៀតពីលើគម្រោងចាស់ដែលមានស្រាប់ចំនួន ១៨៨ គម្រោង ដោយមានលទ្ធភាពបង្កើតពលកម្មបាន ១២៥ ពាន់នាក់ ខណៈការវិនិយោគវិស័យសំណង់ ដែលអនុញ្ញាតដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសំណើសុំសាងសង់សរុប ៣ ៧៣៩ គម្រោង, មានតម្លៃជាទឹកប្រាក់ ៥ ៨៦៨ លានដុល្លារអាមេរិក នៅលើផ្ទៃក្រឡាសាងសង់ជិត ១៣ លានម៉ែត្រការ៉េ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here