ដោយៈម៉ាណេត
ភ្នំពេញៈ បើទោះកម្ពុជាប្រឈមផ្ទួនៗ ទៅនឹងវិបត្តិសេដ្ឋកិច្ចសកល និងជំនន់ទឹកភ្លៀង ក្នុងរយៈប៉ុន្មានសប្តាហ៍កន្លងមកនេះយ៉ាងណាក្តី ក៏វិស័យអចលនទ្រព្យរបស់កម្ពុជា នៅតែមានដំណើរការ និងភាពវិជ្ជាមាន ដោយមិនមានអ្វីប្រែប្រួលនោះទេ។

ដោយៈម៉ាណេត
ភ្នំពេញៈ បើទោះកម្ពុជាប្រឈមផ្ទួនៗ ទៅនឹងវិបត្តិសេដ្ឋកិច្ចសកល និងជំនន់ទឹកភ្លៀង ក្នុងរយៈប៉ុន្មានសប្តាហ៍កន្លងមកនេះយ៉ាងណាក្តី ក៏វិស័យអចលនទ្រព្យរបស់កម្ពុជា នៅតែមានដំណើរការ និងភាពវិជ្ជាមាន ដោយមិនមានអ្វីប្រែប្រួលនោះទេ។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានឱ្យដឹងថ្មីៗនេះថា នៅក្នុងវិបត្តិកម្ពុជាប្រឈមទៅនឹងជំងឺកូវីដ១៩ និងជំនន់ទឹកភ្លៀងនៅក្នុងប្រទេស ក៏វិស័យអចលនទ្រព្យមិនការធ្លាក់ចុះ មកនៅក្នុងកម្រិតសូន្យនោះទេ ពោលគឺកំពុងមានដំណើរការជាបណ្តើរ។
លោកបណ្ឌិតបន្តថា “វិស័យនេះ ក៏នឹងជួយឱ្យប្រជាពលរដ្ឋ ទិញបន្ថែមទៀត ដូចជា ផ្ទះល្វែង ខុនដូ និងដីធ្លីក្នុងតម្លៃដែលមានការគ្រោងទុក” ។ លោកបន្តថា “អ៊ីចឹងកាលណាតម្លៃអចលនទ្រព្យមិនទាន់បានឡើង និងមិនទាន់មានសន្ទុះឡើងលឿន ដោយសារកត្តាបែបនេះ ដូច្នេះការទិញលក់អចលនទ្រព្យ នៅក្នុងរដូវកាលនេះ ក៏ជាឱកាសចំណេញនៅថ្ងៃក្រោយផងដែរ” ។
លោកបណ្ឌិតបន្ថែមថា ប៉ុន្តែវា (អចលនទ្រព្យ) មិនមែនស្នូលសេដ្ឋកិច្ចកម្ពុជា កាលណាយើងនិយាយពីទីផ្សារអចលនទ្រព្យ គឺសំដៅទៅលើចំណូលសម្រាប់ តែក្រុមបុគ្គលមួយចំនួនតូច ដែលធ្វើអាជីវកម្មលើវិស័យនេះ។ ចំណែកឯប្រជាពលរដ្ឋទូទៅមិនទទួលបផលប៉ុន្មានដែរ។
លោកបណ្ឌិតគី សិរីវឌ្ឍន៍បញ្ជក់ថា “សេដ្ឋកិច្ចកម្ពុជា មិនអាចពឹងទៅលើវិស័យអចលនទ្រព្យតែមួយមុខនោះទេ យើងត្រូវតែជំរុញទៅលើវិស័យឧស្សាហកម្ម ជាពិសេសវិស័យកសិកម្ម ដែលត្រូវជំរុញនៅក្រោយចប់វិបត្តិ នៃជំងឺកូវីដ១៩ឱ្យបានលឿន ខណៈដែលរាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយភាគីចិនរួចហើយ” ។
លោកបណ្ឌិតបន្ថែមទៀតថា ត្រង់ចំណុចនេះ ក៏យើងមិនទាន់បានឃើញ រដ្ឋាភិបាលបានផ្សព្វផ្សាយទៅលើផលិតកម្ម ឬមុខទំនិញដែលត្រូវនាំចេញទៅកាន់ប្រទេសចិនជូនប្រជាពលរដ្ឋ ក្នុងការបង្កើតជាចរន្តផលិតកម្ម។ ហេតុដូច្នេះ រដ្ឋាភិបាលគួរតែផ្សព្វផ្សាយជូនពលរដ្ឋឱ្យបានដឹង ដើម្បីចងជាសហគមន៍ និងបណ្តុះបណ្តាលនូវចំណេះដឹងលើការផលិតវិស័យកសិកម្ម ដើម្បីមានលទ្ធភាពក្នុងការនាំចេញនៅឆ្នាំក្រោយ។
លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា វិស័យអចលនទ្រព្យ បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ចាប់តាំពីដើមឆ្នាំ ២០២០នេះ (ការរីករាលដាលនៃជំងឺកូវីដ ១៩ ) តាមរយៈការធ្លាក់ចុះនូវការទិញលក់ ហើយបច្ចុប្បន្ននេះ វិនិយោគិនក្នុងវិស័យអចលនទ្រព្យ មានតែនៅក្នុងស្រុក។
លោកបន្តថា “ដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយដីធ្លី និងមួយទៀតមានការគាំទ្រពីធនគារនៅក្នុងស្រុក ដែលនៅតែបន្តផ្តល់កម្ចីនៅក្នុងវិស័យអចលនទ្រព្យ ហើយនេះគឺជារឿងល្អ ដែលធ្វើឱ្យវិស័យនេះនៅតែមានភាពល្អប្រសើរ បើទោះបីស្ថិតនៅក្នុងវិបត្តិយ៉ាងណាក៏ដោយ” ។

លោកច្រឹក សុខនីម បានបញ្ជាក់ទៀតថា នៅក្នុងវិបត្តិនេះ យើងឃើញសកម្មភាពទិញលក់លើវិស័យដីធ្លីនៅក្នុងប្រទេសនៅតែមាន ប៉ុន្តែសម្រាប់តម្លៃវិញមិនមានការធ្លាក់ថ្លៃនោះទេ បើទោះបីយើងស្ថិតនៅក្នុងវិបត្តិនេះ ជិតមួយឆ្នាំកន្លងមកនេះ ហើយបញ្ហានេះ នឹងជួយជំរុញឱ្យវិស័យអចលនទ្រព្យ នៅក្នុងប្រទេសនៅតែមានមានសកម្មភាពផងដែរ បើទោះបីយើងមិនមានវិនិយោគក្រៅស្រុក៕