ដោយ ហ្សូលី
ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ បានលេចចេញជាទម្រង់ផ្លូវកាន់តែច្បាស់ ទោះបីបច្ចុប្បន្នកម្ពុជាកំពុងប្រឈមជាមួយការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ រលកទី ២យ៉ាងណាក្តី។

ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ផ្លូវនេះស្ថាបនាដោយទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុនឹងចប់រួចរាល់ជាស្ថាពរតាមផែនការដែលបានកំណត់ ពោលគឺនៅត្រឹមខែកញ្ញា ឆ្នាំ២០២២។ បញ្ហានៃការរាតត្បាតជំងឺកូវីដ១៩មិនបានធ្វើឱ្យប៉ះពាល់ដល់គម្រោងស្ថាបនាផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជានេះទេ ដោយក្រុមជំនាញបាននិងកំពុងយកចិត្តទុកដាក់អំពីកិច្ចការសាងសង់ឱ្យចប់តាមផែនការ។

គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ទឹកដីរាជធានីភ្នំពេញ ប្រវែង៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨៩,៨៩ គីឡូម៉ែត្រ។
តាមគម្រោងផ្លូវល្បឿនលឿននេះ មានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕






