គម្រោងសាងសង់ផ្សារនៅព្រំដែនកម្ពុជា-វៀតណាម អាចចាប់ផ្តើមនៅឆ្នាំ ២០២១

0

ដោយ ហ្សូលី

ភ្នំពេញ៖ គម្រោងសាងសង់ផ្សារនៅព្រំដែនរវាងកម្ពុជា និងវៀតណាមចំនួន ២ទីតាំងស្ថិតក្នុងខេត្តកំពត និងស្វាយរៀង គិតមកដល់ពេលនេះនៅមិនទាន់ចាប់ផ្តើមសាងសង់ជាផ្លូវការនោះទេ។ នេះបើតាមឱ្យដឹងពីអាជ្ញាធរ ពាក់ព័ន្ធ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានថ្លែងប្រាប់ថា ការសាងសង់ផ្សារព្រំដែនទាំង ២ នៅ មិនទាន់ចាប់ផ្តើមទេ ដោយអាចចាប់ផ្តើមនៅឆ្នាំក្រោយ ព្រោះការគ្រោងកញ្ចប់ថវិកានេះក៏នៅឆ្នាំក្រោយដែរ ។

ការកសាងផ្សារសហគមន៍គំរូនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដើម្បីជួយសម្រួលដល់ការធ្វើជំនួញ និងពាណិជ្ជកម្មតូចធំ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋប្រទេសទាំង ២ មានទីផ្សារសមរម្យលក់ដូរក្នុងការជួយ លើកកម្ពស់ជីវភាពរស់នៅ។ ម្យ៉ាងទៀត ក៏នឹងជួយធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងទំហំពាណិជ្ជកម្មទ្វេភាគីមាន កំណើនផងដែរ។

អាជ្ញាធរខេត្តកំពត និងស្វាយរៀងរកទីតាំងជួយសម្របសម្រួលកិច្ចការមួយចំនួន ខណៈក្រសួងពាណិជ្ជកម្មត្រូវ ធ្វើការសិក្សា រៀបចំផ្សារនៅតាមព្រំដែនដោយយកតាមរចនាបទខ្មែរ និងប្រើថវិកាជាតិសម្រាប់សាងសង់។
គោលបំណងរបស់ផ្សារនេះនឹងបម្រើជាទីផ្សារនាំចេញទៅវៀតណាម។

លោក ជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា បច្ចុប្បន្ននេះអាជ្ញាធរសហការជាមួយមន្ត្រីជំនាញពី ក្រសួងពាណិជ្ជកម្មសិក្សា និងវាយតម្លៃទីតាំងមុននឹងចាប់ផ្តើមសាងសង់ ហើយចាប់ផ្តើមពេលណាអាស្រ័យ ទៅលើក្រសួង ខណៈ អាជ្ញាធរខេត្តមានទីតាំងត្រៀមបម្រុងរួចហើយ ។ ទីតាំងបានកំណត់អាចនៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ទល់ជាមួយ ខេត្តគៀងយ៉ាង ។

អ្នកនាំពាក្យសាលាខេត្តស្វាយរៀង លោក រស់ ផារិទ្ធ បានឱ្យដឹងថា គម្រោងសាងសង់ផ្សារព្រំដែនក្នុងខេត្ត ស្វាយរៀងអភិវឌ្ឍនៅភាគខាងកើតជាប់ខេត្តតាយនិញ និង មួយទៀតនៅជាប់គ្នាជាមួយព្រំប្រទល់ខេត្ត ឡុងអាន ប្រទេសវៀតណាម។ ពេលមានហេដ្ឋារចនាសម្ព័ន្ធ និងផ្សារនៅព្រំដែនកាន់តែច្រើន កំណើននៃការអភិវឌ្ឍមានសន្ទុះដែរ ពិសេសបង្កភាពងាយស្រួលដល់ប្រជាជនក្នុងការដោះដូរផលិតផលកសិផល។

ទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានតម្លៃ សរុប ២,១៧ ពាន់លានដុល្លារ ធ្លាក់ចុះ ៨,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំ ទំនិញពីកម្ពុជាទៅវៀតណាមមានតម្លៃ ៤៧៦ លានដុល្លារ ធ្លាក់ចុះ ១៥ ភាគរយ ខណៈកម្ពុជានាំចូលវិញ មានតម្លៃសរុប ១,៧ ពាន់លានដុល្លារ ធ្លាក់ចុះ ៦ ភាគរយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here