ប្រធាន GRA ៖ ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ឱនភាព​នៅ​ចុង​ឆ្នាំនេះ

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ខុសប្លែក​ពី​ការព្យាករណ៍​ទុក​កាលពី​អំឡុង​ត្រីមាស​ទី៣ ដែល​រំពឹងទុក​ថា ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នៅ​ចុងឆ្នាំ២០២០នេះ នឹងមាន​ភាពល្អប្រសើរ​ឡើងវិញ​បន្តិច​នោះ ដោយឡែក​ពេលនេះ​ប្រធាន​សមាគម​អចលនទ្រព្យ​សកល GRA បែរជា​អះអាងថា​នឹងមាន​ការធ្លាក់ចុះ​ទៅវិញ ក្រោម​ហេតុផល​ទទួលរង​នូវ​ភាពអវិជ្ជមាន​ពី​ព្រឹត្តិការណ៍ ៣វិច្ឆិកា ដែល​ទើបតែ​កើតមាន​នៅពេលនេះ។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខ​នឿន បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ស្ថានការណ៍​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​ចុងឆ្នាំ២០២០នេះ​នឹងមាន​ភាពប្រែប្រួល​បន្តិច​វិញ និង​ខុសពី​ការរំពឹងទុក​កាលពី​អំឡុង​ត្រីមាស​ទី៣ ពោលគឺ​អាច​នឹង​មិនមាន​កំណើន​នោះទេ។

លោក សំ សុខ​នឿន បាន​មានប្រសាសន៍ថា “ដោយសារ​ការទប់ស្កាត់​នូវ​ការ​រាលដាល់​ជំងឺ Covid-19 ក្រោម​ការគ្រប់គ្រង​ដោយ​រដ្ឋាភិបាល​មាន​ភាពល្អប្រសើរ បាន​ជំរុញ​ឱ្យ​ស្ថានភាព​ទូទៅ​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ភាព​ធូ​ស្រាល​ជាង​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់ ជាពិសេស​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​ក្នុងស្រុក​ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ ជាពិសេស​នៅក្នុង​វិស័យ​អចលនទ្រព្យ​ចាប់ផ្តើម​មាន​សន្ទុះ​ឡើងវិញ​បន្ទាប់ពី​បាន​ស្ងប់ស្ងាត់​មួយរយៈ​ពេល​ខ្លី” ។

លោក​បាន​បន្តថា “ដោយសារតែ​មើលឃើញ​ពី​ស្ថានការណ៍​មាន​ភាព​ធូរស្រាល និង​មាន​ការវិវឌ្ឍ​ទៅរក​ភាពល្អប្រសើរ​ជា​បន្តបន្ទាប់​បានធ្វើឱ្យ​អ្នក​ដែល​ស្ថិតនៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ធ្វើការ​រំពឹងថា នៅត្រឹម​ចុងឆ្នាំ២០២០ ឬ​ដើមឆ្នាំ២០២១ សកម្មភាព​នៃ​ការសាងសង់ ក៏ដូចជា​ការទិញ-លក់​នឹងមាន​ភាព​កាន់តែ​ប្រសើរ។ ប៉ុន្តែ​ពេលនេះ ក្រោយ​កើតមាន​ព្រឹត្តិការណ៍ ៣វិច្ឆិកា ស្ថានការណ៍​ទូទៅ​នៃ​វិស័យ​មួយ​នេះ​អាច​នឹងមាន​ការប្រែប្រួល​យ៉ាងខ្លាំង ជាពិសេស​ការទិញ-លក់ អាច​នឹងមាន​ឱនភាព​ខ្លាំង​រហូតដល់​ប្រមាណ៧០ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ចុងឆ្នាំ២០១៩កន្លងទៅ” ។

ជាមួយនឹង​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​អាច​នឹងមាន​ភាពប្រែប្រួល​នេះ អ្វីដែល​អាចជួយ​ធ្វើឱ្យ​ស្ថានការណ៍​ទីផ្សារ​អចលនទ្រព្យ​មាន​ភាព​ធូ​ស្រាល​នោះ គឺ​ការចូលរួម​អនុវត្ត​ទៅតាម​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងសុខាភិបាល ដែល​ទទូច​ឱ្យ​បងប្អូន​ប្រជាជន​ទូទាំងប្រទេស​ប្រកាន់ខ្ជាប់​នូវ​ការ​រក្សាខ្លួន​ឱ្យ​ឆ្ងាយ​ពី​ជំងឺឆ្លង ដោយ​ការ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ តាម​ការណែនាំ​របស់​ក្រសួង ដើម្បី​ធ្វើយ៉ាងណា​អាច​ទប់ស្កាត់ និង​ឈានទៅរក​ការលុបបំបាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​នៅក្នុង​ប្រទេស​បាន​ក្នុង​កម្រិត​ខ្ពស់” ។

លោក សំ សុខ​នឿន បាន​បញ្ជាក់ថា “ប្រសិនបើ​បញ្ហា​ដែល​កំពុង​ប្រឈម និង​កើតមាន​នៅពេលនេះ​ត្រូវបាន​ទប់ស្កាត់ និង​លុប​បំបាន​ដោយ​ជោគជ័យ​ក្នុងពេល​ដ៏​ខ្លីឆាប់ៗខាងមុខនេះ នោះ​ចរន្ត​ទីផ្សារ​ក្នុង​វិស័យ​មួយ​នេះ​ក៏​អាច​នឹង​ប្រែប្រួល​សាជាថ្មី​ម្ដងទៀត ដែល​ផ្តើមចេញពី​ចលនា​អ្នកវិនិយោគ និង​អភិវឌ្ឍន៍ ក៏ដូចជា​តម្រូវការ​ទីផ្សារ​ក្នុង​ដូចគ្នា​កាលពីពេល​កន្លងទៅ​ជាក់​ជាមិនខាន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here