ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បណ្តាអ្នកជំនាញសុទ្ធតែបានអះអាងថា សម្រាប់អ្នកវិនិយោគដែលមានធនធានគ្រប់គ្រាន់ និងមានចរន្តសាច់ប្រាក់ល្អ នៅក្នុងស្ថានភាពដែលកំពុងមានភាពប្រឈម ឬវិបត្តិសេដ្ឋកិច្ច វាគឺជាឱកាសល្អសម្រាប់ពួកគេក្នុងការប្រមូលទិញអចលនវត្ថុទាំងឡាយណាដែលមានតម្លៃក្រោមទីផ្សារ ហើយត្រៀមទុកវិនិយោគបន្តយកចំណេញក្រោយពេលស្ថានភាពប្រែប្រួលទៅរកភាពល្អប្រសើរវិញខណៈពេលដែលទីផ្សារមានលំនឹងវិញ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា នៅពេលដែលកើតមានវិបត្តិសេដ្ឋកិច្ចកើតឡើង ច្បាស់ណស់ថា វិស័យជាច្រើននឹងទទួលរងនូលប៉ះពាល់ ហើយនឹងទាញឱ្យតម្លៃ និងតម្រូវការទីផ្សារមានការធ្លាក់ចុះដោយស្វ័យប្រវត្តិ ប៉ុន្តែសម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ មិនពាក់ព័ន្ធទៅនឹងបំណុលណាមួយ ហើយចេះឆ្លៀតយកឱកាស នោះវានឹងផ្តល់ចំណេញយ៉ាងច្រើន។
លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “ដោយសារតែប្រទេសកម្ពុជាបាន និងកំពុងមានការអភិវឌ្ឍន៍ទៅតាមគោលដៅដែលបានកំណត់ក្រោមការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្វើឱ្យសេដ្ឋកិច្ចមានលំនឹង ជាពិសេសផ្តល់នូវប្រយោជន៍ដល់អ្នកវិនិយោគនៅក្នុងវិស័យអចលនវត្ថុជាច្រើន ហើយបច្ចុប្បន្នក៏នៅតែបន្តទទួលបាននូវផ្លែផ្កាពីការវិនិយោគ បើទោះជាប្រទេសជាតិកំពុងស្ថិតនៅក្នុងការគំរាមកំហែងពីវិបត្តិនៃជំងឺ Covid-19 ក៏ដោយ”។
លោកបានបន្តថា “ដោយឡែកនៅពេលបច្ចុប្បន្ននេះ អាស្រ័យដោយមានការគំរាមកំហែងពីវិបត្តិសេដ្ឋកិច្ចនាពេលនេះ បានធ្វើឱ្យទីផ្សារនៃវិស័យមួយចំនួនមានការធ្លាក់ចុះ។ ដោយឡែកសម្រាប់ទីផ្សារអចលនទ្រព្យ ជាពិសេសដីធ្លីនៅពេលនេះ មួយចំនួនធំត្រូវបានគេដាក់លក់ជាមួយតម្លៃក្រោមទីផ្សារដោយសារកត្តាបង្ខំមួយចំនួន ដូច្នេះសម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់មិនជាប់ពាកើព័ន្ធនឹងបំណុលធនាគារ គឺមានឱកាសច្រើនក្នុងការទិញទុកលក់យកចំណេញក្រោយពេលដែលបញ្ហានៃវិបត្តិត្រូវបានបញ្ចប់ ហើយសេដ្ឋកិច្ចចាប់ផ្តើមមានកំណើនឡើងវិញ ប្រៀបដូចកាលពីឆ្នាំ២០០៨យ៉ាងដូច្នោះ”។
ស្រដៀងគ្នានេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodia លោក ខន គង្គា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា “អ្នកដែលមានលុយគ្រប់គ្រាន់ ភាគច្រើនតែងតែឆ្លៀតឆក់យកឱកាសដែលមនុស្សភាគច្រើនកំពុងជួបវិបត្តិសេដ្ឋកិច្ចដើម្បីបង្កើនទ្រព្យរសប់ខ្លួន”។
លោកបានបន្តថា “នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ សម្រាប់ទីផ្សារខុនដូ គឺត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ដាក់លក់នៅក្នុងតម្លៃមួយសមរម្យបំផុត ដែលស្របទៅនឹងកម្រិតនៃសេដ្ឋកិច្ចបច្ចុប្បន្ន។ ប៉ុន្តែនៅត្រឹមរយៈពេលប្រមាណ២-៣ឆ្នាំខាងមុខទៀត ដែលគម្រោងសាងសង់នឹងត្រូវបានបញ្ចប់ លេចចេញជារូបរាង ហើយកំណើនសេដ្ឋកិច្ចចាប់ផ្តើមមានសន្ទុះឡើងវិញ នោះតម្លៃខុនដូនឹងកើនឡើងថ្លៃជាងពេលបច្ចុប្បន្ន។ សរុបមក គឺសម្រាប់អ្នកដែលមានលុយគ្រប់គ្រាន់ក្នុងការទិញនៅពេលនេះ សម្រាប់លក់បន្តនៅថ្ងៃខាងមុខវាគឺជាឱកាសដ៏ល្អ និងកម្រមានបំផុត” ៕