រយៈពេល៩ខែ ចំណូលពីសេវាបញ្ញើប្រៃសណីយ៍កម្ពុជាមានការធ្លាក់ជិតពាក់កណ្តាល

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២០កន្លងទៅនេះ ចំណូលតាមរយៈសហគ្រាសគ្រប់គ្រងដោយរដ្ឋប្រៃសណីយ៍កម្ពុជា មានការថយចុះជិតពាក់កណ្តាល បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ពោលគឺមានត្រឹមប្រមាណ៤លានដុល្លារ បណ្តាលមកពីការរីករាលដាលជំងឺកូវីដ–១៩ ដែលធ្វើឲ្យដំណើរការប្រតិបត្តិ្កការទទួល និងផ្តល់សេវាបញ្ញើរងផលប៉ះពាល់។

អគ្គនាយកប្រៃសណីយ៍កម្ពុជា លោក អោក បូរ៉ា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា បើប្រៀបធៀបរយៈពេល៩ខែដូចគ្នា កាលពីឆ្នាំ២០១៩ ប្រៃសណីយ៍កម្ពុជា អាចរកចំណូលបានចំនួនជាង ៨លាន ។ ដោយឡែករយៈពេល ៩ខែ ឆ្នាំ២០២០ អាចរកបានត្រឹមតែជាង ៤លានដុល្លារ ថយចុះ ជិត៤៧ភាគរយ។

លោកបន្ថែមទៀតថា “គិតមកដល់ពេលនេះប្រៃសណីយ៍កម្ពុជា បានបើកដំណើរការឡើងវិញ តាំងពីខែសីហា មក ប៉ុន្តែជើងហោះហើរក៏មិនទូលំទូលាយដូចមុនដែរ ពោលក្នុងមួយសប្តាហ៍ បញ្ញើចេញបានតែមួយជើងទេ ហើយការបើកដំណើរការឡើងវិញ ក៏មិនមានភាពប្រក្រតីដូចពីមុនសម័យកូវីដដែរ ដោយសារទី១ ជើងហោះហើរនៅបើកមានកម្រិត។ ចំណូល ទទួលបានតែ ៥០ទៅ៦០ភាគរយ ធៀបនឹងចំណូលមុនការរីករាលដាលជំងឺកូវីដ”។

សេវាទទួលបញ្ញើរបស់ប្រៃសណីយ៍កម្ពុជា ដែលមានកិច្ចសហការកាលពីពេលកន្លងទៅនេះ រួមមានជាមួយប្រទេស អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី វៀតណាម ថៃ និងប្រទេសនៅសហគមន៍អឺរ៉ុប មួយចំនួន ។ កាលពីឆ្នាំ២០១៩ ប្រៃសណីយ៍កម្ពុជា រកចំណូលបានសរុបជាង ១២ លានដុល្លារ កើនឡើង ២២៤ ភាគរយ ធៀបនឹងចំណូលកាលពីឆ្នាំ២០១៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here