ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បណ្តាក្រុមហ៊ុនចែកចាយជប៉ុនធំៗ ដែលមានទីតាំងនៅកម្ពុជា ទទួលរ៉ាប់រងនូវការកែច្នៃ និងវេចខ្ចប់ផលិតផល កសិផលកម្ពុជាសម្រាប់នាំចេញ បានបញ្ជាក់ពីគោលជំហររបស់ខ្លួនក្នុងការពង្រឹងលទ្ធភាពនៃការនាំចេញផលិតផលកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុន និងនៅលើពិភពលោកឱ្យកាន់តែទូលាយ។

នៅក្នុងដំណើរទស្សនកិច្ចរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ តំណាងក្រុមហ៊ុនកែច្នៃ និងវេចខ្ចប់សម្រាប់ធ្វើការនាំចេញដ៏ល្បីឈ្មោះ Nippon Express អះអាងថា ក្រុមហ៊ុនមានគោលជំហរយ៉ាងរឹងមាំ និងមានផែនការច្បាស់លាស់ក្នុងការបង្កើនផលិតភាពនៃការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុន និងទីផ្សារអន្តរជាតិឱ្យកាន់តែច្រើនបន្ថែមទៀត។
ជាមួយនឹងផែនការក្នុងការបង្កើនលទ្ធភាពក្នុងការនាំចេញរបស់ក្រុមហ៊ុនមួយនេះ លោក ណាបេ ស៊ីម៉ា ប្រធានក្រុមហ៊ុន យ៉ាម៉ាតុហ្គ្រីន ដែលជាក្រុមហ៊ុនគាំទ្រផលិតផលកម្ពុជា ជាពិសេសផលិតផលផ្នែកកសិផល ដោយរ៉ាប់រងទៅលើការវេចខ្ចប់សម្រាប់ការនាំចេញផងដែរនោះបានមានប្រសាសន៍បញ្ជាក់ថា “ប្រជាជនជប៉ុនបានចាប់អារម្មណ៍ខ្លាំងមកលើប្រទេសកម្ពុជាលើចំណុចដែលប្រជាកសិករដាំដុះបន្លែ និងដំណាំផ្សេងៗនោះមិនសូវប្រើជីគីមី ឬសារធាតុដែលនាំឱ្យប៉ះពាល់ដល់សុខភាព ខណៈផ្ទៃដីកសិកម្មនៅកម្ពុជាក៏ធំទូលាយ និងសម្បូរធនធានទឹកសម្រាប់ស្រោចស្រពច្រើនផងដែរ ដូចជាទន្លេសាប និងបឹងទន្លេសាប ទន្លេមេគង្គជាដើម ដែលប្រការនេះពិតជាអំណោយផលដល់ការដាំដុះដំណាំខ្លាំងណាស់”។

លោកបាននិយាយថា “ ប្រជាពលរដ្ឋជប៉ុនមានការជឿទុកចិត្តចំពោះផលិតផលកសិផលដែលនាំចេញពីកម្ពុជា ឱ្យតែផលិតផលណាដាក់ថា «Made in Cambodia» គឺពួកគេពិតជាមនិយមចូលចិត្តទិញយកទៅទទួលទាន និងប្រើប្រាស់ក្នុងតម្រូវការផ្សេងៗ”។
បច្ចុប្បន្ន សម្រាប់តែការទទួលការចែកចាយផលិតផលកសិផលកម្ពុជានៅក្នុងស្រុកក្រោមកិច្ចទទួលខុសត្រូវរបស់ក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន បាននាំយកទៅចែកចាយនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាននានាក្នុងគោលដៅទេសចរណ៍ខេត្តសៀមរាប ខេត្តបាត់ដំបង តំបន់ភូមិភាគឦសាន តំបន់ឆ្នេរសមុទ្រ ក៏ដូចជានៅផ្សារ អ៉ីអន ម៉ល និងនៅតាមបុរីលំនៅដ្ឋានមួយចំនួននៅរាជធានីភ្នំពេញ ដូចជា បុរី ប៉េង ហួត ជាដើម ដែលមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីនមានទីផ្សារលក់បន្លែ និងកសិផលនៅក្នុងដៃរបស់ខ្លួនច្រើនដែរ៕






