ដោយ៖ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន CSA Real Estate ដែលរួមមានទាំងអ្នកជំនាញពីសឹង្ហបុរី និងអ្នកក្នុងស្រុក បានហក់ចូលទីផ្សារអចលនទ្រព្យកម្ពុជា ដោយទទួលបានភាពរីកចម្រើនយ៉ាងឆាប់រហ័ស បើទោះស្ថិតនៅក្នុងវិបត្តិជំងឺកូវីដ១៩ក៏ដោយ ខណៈក្រុមហ៊ុននេះ ប្រើប្រាស់ប្រព័ន្ធការងារ និងស្តង់ដារពីសឹង្ហបុរី ហើយទទួលបានទំនុកចិត្តយ៉ាងខ្លាំងពីអតិថិជន និងភ្នាក់ងាររបស់ខ្លួនយ៉ាងឆាបរហ័ស។
នាយកប្រតិបត្តិក្រុមហ៊ុន CSA លោក Alan Neos បានមានប្រសាសន៍ថា ក្រុមហ៊ុនមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារមានការចូលរួមពីដៃគូ និងអ្នកជំនាញនៅក្នុងស្រុក ហើយពួកគាត់មានកេរ្តិ៍ឈ្មោះល្បី និងមានការទទួលស្គាល់នៅក្នុងទីផ្សារអចលនទ្រព្យ ហើយយើងមានអ្នកជំនាញផ្សេងៗ ក្នុងវិស័យអចលនទ្រព្យ ដោយអ្នកជំនាញបានរួមដៃក្នុងបង្កើតជាក្រុមហ៊ុន CSA ។
លោកបានថ្លែងថា “យើងមានអ្នកជំនាញក្នុងវិស័យខុនដូ ដីធ្លី និងបុរី ហើយប្រាកដណាស់ យើងប្រើប្រាស់ប្រព័ន្ធការងារសឹង្ហបុរី ដែលមានតម្លាភាព និងគណនីភាព និងប្រព័ន្ធមួយថ្មីសម្រាប់ទីផ្សារកម្ពុជា”។ លោកបន្តថា “ប្រជាជនកម្ពុជាជឿជាក់ថា ក្រុមហ៊ុននឹងនាំមកផលិតផលថ្មីៗចូលទីផ្សារ”។
លោក Alan Neos បានបន្តថា ក្រុមហ៊ុនបានផ្តល់នូវអត្ថប្រយោជន៍ដូចជា ប្រាក់កំរៃជើងសារ និងត្រូវបង់ឱ្យភ្លាមៗដែលអាចធ្វើទៅបាន។ យើងក៏នឹងផ្តល់ការបណ្តុះបណ្តាលអាជីពដល់ប្រជាជនកម្ពុជា ដែលបំណងប្រឡូកវិស័យអចលនទ្រព្យ និងអ្នកចង់ចាប់យកអាជីពអចលនទ្រព្យ។ ដូច្នេះហើយ ភ្នាក់ងាររបស់យើងមានទំនុកចិត្តក្នុងគម្រោងលំនៅដ្ឋាន ខុនដូ និងគម្រោងផ្សេងៗជាដើម។
លោកបន្តថា “ចំណុចពិសេសគឺថា អ្នកចូលរួមជាមួយក្រុមហ៊ុន CSA ទទូលបាន កំរៃជើងសារខ្ពស់ស្មើភាពគ្នា និងតម្លាភាព”។ លោកបន្ថែមថា “បើទោះបីជាស្ថិតនៅក្នុងវិបត្តិក៏ដោយ យើងបង្កើតក្រុមហ៊ុន CSA ឡើង ដោយយើងបានមើលឃើញថា នៅពេលណាមានវិបត្តិ វាតែងមានក៏មានឱកាស។ ខ្ញុំមើលឃើញថា នៅពេលមានវិបត្តិ អ្នកអភិវឌ្ឍន៍នឹងបញ្ចុះតម្លៃលក់នៅក្នុងគម្រោងរបស់ពួកគេ ហើយលក្ខខណ្ឌបង់ប្រាក់ក៏មានភាពងាយស្រួល”។
លោកបានបន្តថា “ការបង្កើតក្រុមហ៊ុន CSA អំឡុងពេលនេះ គឺដើម្បីជួយដល់អ្នកវិនិយោគចំណេញនាពេលអនាគត ដោយសារតែបច្ចុប្បន្នតម្លៃអលចនទ្រព្យល្អ លក្ខខណ្ឌបង់ប្រាក់ក៏មានភាពងាយស្រួល និងឱកាសក្លាយជាម្ចាស់អចលនទ្រព្យ ជាមួយតម្លៃសមរម្យ”។
លោកស្រី តាំង ហួរ សហស្ថាបនិកក្រុមហ៊ុន CSA បានថ្លែងថា ការបង្កើតឡើងក្រុមហ៊ុន CSA គឺមានលក្ខណៈក្រុមហ៊ុននៅក្នុងស្រុក ប៉ុន្តែក្រុមហ៊ុនយកប្រព័ន្ធ និងស្តង់ដារការងារបែបសឹង្ហបុរី និងអន្តរជាតិ។
លោកស្រីបានបន្តថា “ក្រុមហ៊ុនរបស់យើងផ្តោតទៅលើការលក់គម្រោងខុនដូ គម្រោងបុរី និងគម្រោងអចលនទ្រព្យផ្សេង។ យើងបង្កើតក្រុមហ៊ុននេះដោយមិនបានយក Franchise ពីប្រទេសក្រៅមកទេ ប៉ុន្តែយើងប្រើប្រាស់ប្រព័ន្ធ និងស្តង់ដារអន្តរជាតិបែបសឹង្ហបុរី”។
លោកស្រីបានថ្លែងបន្តថា “យើងស្វាគមន៍ និងសហការជាមួយគ្រប់គ្នាទាំងអស់ មិនថា អ្នកមានក្រុមហ៊ុន ឬអត់ក្រុមហ៊ុន អាចចូលជាសមាជិកក្រុមហ៊ុន CSA ព្រោះយើងនឹងផ្តល់អត្ថប្រយោជន៍បានច្រើនគួរសម ហើយក្រុមហ៊ុន CSA សិក្សាពីប្រវត្តិគម្រោងអភិវឌ្ឍន៍នីមួយៗ ក៏ដូចជាទីតាំង និងតម្លៃមុនយើងយកលក់ ព្រោះក្នុងព្រោះស្ថានភាពបច្ចុប្បន្ន យើងអាចជួយសម្រួលដល់អតិថិជនរបស់យើង ដើម្បីទទួលបានក្នុងតម្លៃល្អ និងលក្ខខណ្ឌបង់ប្រាក់ក៏មានភាពងាយស្រួល”។
លោកស្រីបានឱ្យដឹងទៀតថា “ក្រុមហ៊ុន CSA កំពុងមានភាពរីកចម្រើនយ៉ាងលឿន ព្រោះក្រុមហ៊ុនរបស់យើង ធ្វើការងារតាមស្តង់ដារអន្តរជាតិ ហើយយើងបានផ្តល់កំរៃដល់ពួកគេបានច្រើន។ មួយវិញទៀត ក្រុមហ៊ុន CSA មានឈ្មោះថ្មីលើទីផ្សារក៏ពិតមែន ប៉ុន្តែយើងក៏មានការចូលរួមពីក្រុមការងារដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យអចលនទ្រព្យ ដូច្នេះហើយបានជាយើងទទួលបានការជឿជាក់ពីអតិថិជន”៕