មន្ត្រីជាន់ខ្ពស់់​ពាណិជ្ជកម្ម៖ កម្ពុជា​នឹង​ទទួលបាន​វិនិយោគិន​បរទេស​កាន់តែច្រើនបន្ទាប់ពី​កិច្ចព្រមព្រៀង​អា​សិប

0

ដោយ ​វុត្ថា

ភ្នំពេញៈ កម្ពុជា​នឹង​ទាក់ទាញ​វិនិយោគិន​អន្តរជាតិ កាន់​ច្រើន​ថែមទៀត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ម្សិលមិញ​នេះ នៅក្នុង​រួម​កិច្ចប្រជុំ​កំពូល​លើក​ទី៤ ដោយមាន​ការចូលរួម​ពី​ប្រមុខ​ដឹកនាំ​ទាំង១៥ និង​អគ្គលេខាធិការ​អាស៊ាន។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​គេហទំព័រ​ Propertyarea.asia នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា​កន្លងមក​បាន​ឱ្យដឹងថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (អា​សិប-RCEP) គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​ដែល​ពាក់ព័ន្ធ (សហគមន៍​សេដ្ឋកិច្ច​អាស៊ាន) ជាពិសេស​កម្ពុជា ក៏​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ ។

លោក​ឧកញ៉ា​បន្តថា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (អា​សិប-RCEP) មាន​ទំនាក់ទំនង​ទាំង​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​លុះត្រា​តែមាន​ទំនាក់ទំនង​ល្អ​ផ្នែក​នយោបាយ ទើប​ឈានដល់​សេដ្ឋកិច្ច និង​វិនិយោគ ព្រោះ​ជា​កិច្ចព្រមព្រៀង​ក្នុង​ទំនាក់ទំនង​រដ្ឋ​និង​រដ្ឋ។

លោក​បន្តថា “កម្ពុជា​នឹង​ទាក់ទាញ​គម្រោង​វិនិយោគ ពី​បណ្តា​ប្រទេស​ទាំងនោះ​កាន់តែច្រើន ស្រប​ពេលដែល​កម្ពុជា កំពុងមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង​ប្រទេស​ចិន​ផងដែរ” ។

ជាមួយគ្នានេះ លោក  Lim Jock Hoi លោក​អគ្គលេខាធិការ​អា​ស៊ាន​បានចាត់ទុក​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (អា​សិប-RCEP) ថ្ងៃ១៥ វិច្ឆិកា ២០២០នេះ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​របស់​អាស៊ាន ដែល​មេដឹកនាំ​អាស៊ាន​ទាំង១០ និង​ដៃគូ​សន្ទនា​របស់ខ្លួន​រួមមាន​អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង​ណូ​វែ​ល​ហ្សេ​ឡង់ បាន​ចុះហត្ថលេខា​លើ RCEP ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ដ៏​ធំ​ក្នុង​តំបន់ និង​ពិភពលោក។

លោក​បន្តថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ RCEP នឹង​ផ្តល់នូវ​កាលានុវត្តន៍​ភាពជា​ច្រើន ក្នុង​ការជំរុញ​ផ្លាស់ប្តូរ និង​ស្តារ​ធុរកិច្ច និង​ប្រជាជន​នៅក្នុង​តំបន់ ជាពិសេស​ក្នុងអំឡុងពេល​នៃ​វិបត្តិ Covid-19 ។

លើសពីនេះ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក​ប៉ាន សូរ​ស័ក្តិ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ឱ្យដឹងថា​ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​អា​សិប នាពេលនេះ ជា​សមិទ្ធិផល​ដ៏​មាន​សារសំខាន់ ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា និង​តំបន់ ដែល​នឹង​ចូលរួមចំណែក​ក្នុងការ​គាំពារ និង​លើកកម្ពស់​សកលភាវូបនីយកម្ម និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី ដោយ​ផ្អែកលើ​ច្បាប់ ដែលជា​បុ​រេ​លក្ខខណ្ឌ​មិនអាច​ខ្វះ​បាន ស្របតាម គោលការណ៍​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី និង​យុត្តិធម៌។

កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់ ក្នុង​ការជួយ​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន។ អា​សិប ក៏​ដើរតួនាទី ជា​កាតាលីករ​មួយ​ផងដែរ ក្នុងការ​ចូលរួមចំណែក ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​សុខមាលភាព និង​ជីវភាព​របស់​ប្រជាជន នៅក្នុង​តំបន់​ព្រមទាំង ជួយ​ស្តារ​សង្គម-សេដ្ឋកិច្ច​តំបន់​ឡើងវិញ បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ បានបញ្ចប់។

ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អា​សិប​នាពេលនេះ បង្កើតបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​គ្របដណ្តប់​លើ៖ (១) ប្រជាជន​ប្រមាណ២.២ពាន់​លាន​នាក់ ឬ៣០% នៃ​ចំនួន​ប្រជាជន​ពិភពលោក (២) ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ២៦.២ទ្រី​លាន​ដុល្លារ​អាមេរិក ឬ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង(៣) ទំហំ​ពាណិជ្ជកម្ម​ចំនួន​ប្រមាណ ២៨% នៃ ទំហំ ពាណិជ្ជកម្ម​ពិភពលោក​ទាំងមូល (ផ្អែកលើ​ទិន្នន័យ​ឆ្នាំ២០១៩) ។

សម្រាប់​កម្ពុជា ផ្អែក​តាម​លទ្ធផល​នៃ​ការចរចា និង​ការសិក្សា​របស់​វិទ្យាស្ថាន ERIA បាន​បង្ហាញថា ក្រោយពី​កិច្ចព្រមព្រៀង​អា​សិប​នេះ​ចូល​ជា​ធរមាន គិត​ជា​កំណើន​ប្រចាំឆ្នាំ ការនាំចេញ​របស់​ម្ពុ​ជា នឹង​កើនឡើង​ចំនួន៧.៣% វិនិយោគ​ចំនួន២៣.៤%, និង​ផលិតផល​ក្នុងស្រុក​សរុប (ផសស) កើន​ចំនួន​ប្រមាណ២% លើ​ផសស​ដែលមាន​បច្ចុប្បន្ន។

កិច្ចព្រមព្រៀង RCEP ត្រូវបាន​ផ្តួចផ្តើមឡើង​នៅ​ខែវិច្ឆិកា ឆ្នាំ២០១២ នា​រាជធានី​ភ្នំពេញ ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន។ កិច្ចព្រមព្រៀង​នេះ បង្កើតឡើង​សំដៅ​ជំរុញ​ពាណិជ្ជកម្ម រវាង​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here