ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដាក់សំណើរចំនួន៣ចំណុច ជូនដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ដើម្បីជួយសម្រួល និងលើកកម្ពស់ដល់វិស័យឯកជននៅកម្ពុជាមានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មរួមគ្នា។
ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត-កម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបូកបី ជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ដែលប្រព្រឹត្តទៅកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។
នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតដែលជាតំណាងវិស័យជន បានរាយការណ៍ជូនថ្នាក់ដឹកនាំអាស៊ានបូកបី និងលើកសំណើសំខាន់ៗចំនួនបី ដូចជា៖
១. ការកាត់បន្ថយនូវផលប៉ះពាល់ដោយសារកូវីដ១៩ និងការស្តារឡើងវិញនូវសេដ្ឋកិច្ច គឺ តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ថ្លែងស្វាគមន៍ចំពោះការចុះកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) និងស្នើពន្លឿនការធ្វើបត្យាប័នលើកិច្ចព្រមព្រៀងនេះ។ បន្ថែមពីលើនេះទៀត តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានស្នើបញ្ចូលមុខទំនិញកសិកម្មផ្សេងទៀតចូលទៅក្នុងស្តុកបម្រុងស្រូវអង្ករសម្រាប់គ្រាអាសន្នរបស់អាស៊ានបូកបី (ASEAN Plus Tree Emergency Rice Reserve)
២.ការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅអាស៊ីខាងកើត គឺ តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានរាយការណ៍ជូនថ្នាក់ដឹកនាំអាស៊ានបូកបីអំពីលទ្ធផលនៃការស្ទង់មតិរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតស្តីពីទិដ្ឋភាពធុរកិច្ច និងយុទ្ធសាស្ត្រឌីជីថលឆ្ពោះទៅរកប្រក្រតីភាពតាមគន្លងថ្មី (New Normal) និងស្នើឱ្យមានតំណភ្ជាប់វិបសាយរបស់អាស៊ានបូកបីជាមួយនឹងវិបសាយផ្លាស់ប្តូរព័ត៌មានធុរកិច្ចអាស៊ីខាងកើត។
៣. ការសម្របសម្រួលការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម គឺ តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានរាយការណ៍ជូនថ្នាក់ដឹកនាំអាស៊ានបូកបី អំពីបោះផ្សាយជាផ្លូវការនូវសៀវភៅ ជាទម្រង់អេឡិចត្រូនិកស្តីពីនីតិវិធីគយ និងលទ្ធផលនៃការរៀបចំសៀវភៅជាទម្រង់អេឡិចត្រូនិក ស្តីពីការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងការវិនិយោគ។
ជាមួយនឹងការដាក់សំណើរខាងលើនេះ កិច្ខប្រជុំថ្នាក់ដឹកនាំអាស៊ានបូកបី បានទទួលយកនូវរបាយការណ៍ និងអនុសាសន៍នានារបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និងពិនិត្យមើលពីលទ្ធភាពក្នុងការឆ្លើយតបបន្តទៀត៕






