អភិបាលខេត្តកែប៖ តំបន់ឧទ្យានកែបនឹងកែច្នៃជាកន្លែងសម្រាកលម្ហែកាយសម្រាប់មនុស្សចាស់

0

ដោយ ហ្សូលី

ភ្នំពេញ៖ ភ្ជាប់ជាមួយនឹងគម្រោងនៃការអភិវឌ្ឍន៍តំបន់ឧទ្យានជាតិកែបឱ្យមានភាពទាក់ទាញក្នុងវិស័យទេសចរណ៍បន្ថែមទៀត រដ្ឋបាលខេត្តកែបក៏មានគម្រោងកែច្នៃតំបន់នេះឱ្យទៅជាតំបន់លម្ហែកាយសម្រាប់មនុស្សចាស់ ព្រោះតំបន់នេះអំណោយផលទៅលើទេសភាពធម្មជាតិ និងប្រកបដោយផាសុកភាពខ្ពស់។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រដ្ឋបាលខេត្តមានគម្រោងដាក់តំបន់ឧទ្យានជាតិនេះ កែច្នៃទៅជាកន្លែងសម្រាកលំហែសម្រាប់មនុស្សដែលមានវ័យចំណាស់ ដោយសារតែតំបន់នេះ មានអំណោយផលល្អទៅលើធម្មជាតិបរិស្ថាន ហើយ និងមានផាសុកភាពល្អ ដោយទាំងនេះពិតជាមានផលល្អ សម្រាប់មនុស្សចាស់ ឬនិវត្តន៍ជនទូទាំងពិភពលោក ក្នុងការមកសម្រាកលំហែក្នុងរយៈពេលណាមួយ។

លោកបន្តថា នេះគ្រាន់តែជាចក្ខុវិស័យនៅឡើយ យ៉ាងណាក៏ដោយលោកស្វាគមន៍ និងលើកទឹកចិត្ត អ្នកវិនិយោគទាំងឡាយណា ដែលមានចំណាប់អារម្មណ៍លើគម្រោងមួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ឧទ្យាននេះនៅតែទទួលប្រជាពលរដ្ឋគ្រប់ភេទ គ្រប់វ័យ គ្រប់ជាន់ថ្នាក់ឱ្យមក សម្រាកកម្សាន្ត គ្រាន់តែគំនិតផ្តូចផ្តើមនេះ ធ្វើយ៉ាងណាឱ្យស៊ីនឹងមនុស្សដែលមានវ័យចំណាស់ ទាំងជាតិ និងអន្តរជាតិ ជាជាងក្រុមមនុស្សផ្សេងទៀត។

តំបន់ឧទ្យានជាតិកែប គឺជាបេះដូងទេសចរណ៍នៃខេត្តកែប មានចម្ងាយ ២,៥គីឡូម៉ែត្រពីទីរួមខេត្ត ជាប្រភេទរមណីយដ្ឋានធម្មជាតិសម្រាប់ដើរកម្សាន្ត និងថតរូប ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃតំបន់ឧទ្យានជាតិកែប បានជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យនៅស្នាក់កម្សាន្តតំបន់នោះផងដែរ។ ក្រៅពីនោះតំបន់នេះក៏ធ្លាប់មានប្រវត្តិ ជាតំបន់ជម្រកធម្មជាតិដ៏សំខាន់សម្រាប់សត្វព្រៃ ដូចជាចតុប្បាទបក្សាបក្សីសម្បូរបែបប្រកបដោយជីវសាស្ត្រចម្រុះ និងសោភ័ណភាពទេសភាពស្រស់បំព្រង។

ឧទ្យានជាតិកែបមានផ្ទៃដី ៥.០០០ហិកតា មានព្រំប្រទល់ខាងជើងជាប់ នឹងផ្លូវជាតិលេខ១៦ ខាងត្បូងជាប់នឹងឆ្នេរសមុទ្រ ខាងកើត និងខាងលិចជាប់នឹងផ្លូវជាតិលេខ ១៦២៕

LEAVE A REPLY

Please enter your comment!
Please enter your name here