ក្រុមហ៊ុន KrisEnergy ស្នើសុំពន្យារពេលបូមប្រេងនៅកម្ពុជាសារជាថ្មី រហូតដល់ចុងខែធ្នូឆ្នាំនេះ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រោមហេតុផលរាំងស្ទះដំណើរការរបស់ក្រុមហ៊ុន ដោយសារតែវិបត្តិនៃការរាតត្បាតជំងឺ Covid-19 ដែលកំពុងបន្តនៅពេលបច្ចុប្បន្ន ក្រុមហ៊ុនដែលទទួលសិទ្ធិបូមប្រេងនៅកម្ពុជា Kris Energy បានធ្វើការស្នើសុំពន្យារពេល លើកការបូមប្រេងសាជាថ្មីរហូតដល់ដំណាច់ចុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។

អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ បានមានប្រាប់ឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ពាក់ព័ន្ធនឹងការបើកអាជីវកម្មបូមប្រេងនេះ មុនដំបូងក្រុមហ៊ុន  KrisEnergy  ថានឹងប្រកាសបើកបូមប្រេងឆៅជាផ្លូវការនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែឥឡូវនេះក្រុមហ៊ុនបានធ្វើការស្នើសុំពន្យារពេលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខវិញ។

លោកបញ្ជាក់ថា “ការស្នើសុំពន្យារពេលបូមប្រេងឆៅ របស់ក្រុមហ៊ុនKrisEnergy គឺដោយសារការជួបបញ្ហាយឺតយ៉ាវខ្លះៗ ដូចជា ការចល័តបុគ្គលិក កម្មករបម្រើការងារ ​និងការបញ្ជាទិញឧបករណ៍ ឬសម្ភារៈផ្សេងៗ សម្រាប់ការផ្គត់ផ្គង់ដល់ខ្សែសង្វាក់ផលិត​កម្ម”។

លោកជៀប សួរបានបន្តថា ជុំវិញការសុំពន្យាពេលនេះ អ្វីៗជាការសម្រេចរបស់ថ្នាក់លើ, ប៉ុន្តែសម្រាប់ការងារនេះ បើតាមក្រុមមន្ត្រីជំនាញបានពិនិត្យមើលលទ្ធភាពជាក់ស្តែង ឃើញថា ក្រុមហ៊ុនបានកំពុងជួបប្រទះនឹងការពិបាកពិតប្រាកដមែន ដែលរាជរដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យ។ ប៉ុន្តែទោះជាយ៉ាងណា យើងសង្ឃឹមថា អាចនឹងដំណើរការបូមប្រេងនៅត្រឹមចុងឆ្នាំ២០២០នេះ។

ទាក់ទងនឹងការអភិវឌ្ឍតំបន់ប្រេងការប្លុកA  ក្រុមហ៊ុនKrisEnergy បានចុះកិច្ចសន្យា​ជាមួយក្រសួងរ៉ែ និងថាមពល ក្នុងការធ្វើផលិតកម្មប្រេងនៅក្នុងប្លុក ។ ក្នុងនោះសម្រាប់ដំណាក់កាលដំបូងនេះ ក្រុមហ៊ុនបានចាប់ផ្តើមក្នុងដំណាក់កាលMini Platformដែលនឹងអនុវត្តចំនួន៥អណ្តូង ដោយគ្រោងបូមប្រេងក្នុងរង្វង់ជាង៧លានបារ៉ែល។ ប្រសិ​នការខួងអណ្តូងស្វែងរកប្រកបដោយជោគជ័យ ក្រុមហ៊ុននឹងឈានទៅដំណាក់កាលមួយទៀត ដែលមានចំនួន២០អណ្តូង ហើយនឹងអាចឈានទៅអនុវត្តជំហ៊ានជាបន្តបន្ទាប់ទៀត។

ក្រុមហ៊ុន KrisEnergy ធ្លាប់បានធ្វើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនKepinvest ក្នុងការផ្តល់ប្រាក់កម្ចីសរុប៨៧លានដុល្លារ ក្នុងគោលបំណងដើម្បីអភិវឌ្ឍដំណាក់កាលទី១ នៃគម្រោងប្រេង និងឧស្ម័ននៅដែនសមុទ្រក្នុងប្រទេសកម្ពុជា។ ប្រាក់កម្ចីត្រូនេះវបានបែងចែកជាពីរ ដោយគម្រោងFacility A មានទឹកប្រាក់រហូតដល់៣០លានដុល្លារអាមេរិក និងគម្រោងFacility B រហូតដល់៥៧លានដុល្លារអាមេរិក។ គម្រោង Facility B ត្រូវបានអ្នកផ្តល់កម្ចីអនុម័ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here