ដោយ ៖ វុត្ថា
បាងកក ៖ ទោះបីជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ដូចគ្នា ប៉ុន្តែកម្ពុជា និងដាណឺម៉ាក បានសន្យាបន្តពង្រឹងវិស័យការទូតសេដ្ឋកិច្ចថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ខណៈដែលទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មកាលពីឆ្នាំ២០១៩ សម្រេចបានជាង ៣០០លានដុល្លារអាមេរិក។

តាមរយៈស្ថានថៃប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ថា នៅក្នុងជំនួបរវាងមន្ត្រីជាន់ខ្ពស់តំណាងប្រទេសទាំង២កាលពីរសៀលថ្ងៃទីទី១៧ ខែវិច្ឆិកា ម្សិលមិញនេះ បានការសន្យាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការទូតសេដ្ឋកិច្ចឱ្យកាន់តែរឹងម៉ាំ ដើម្បីជំរុញ និងពង្រីកទំហំពាណិជ្ជកម្មឱ្យកាន់តែធំទូលាយ។
នេះបានធ្វើឡើងកាលពីរសៀលថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២០ នៅក្នុងជំនួបពិភាក្សា និងសម្តែងការគួរសមរវាង ឯកឧត្តម អ៊ូក សោភ័ណ និងឯកឧត្តម ចន ថូរហ្គាដ (Jon Thorgaard) ។
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ូក សោភ័ណ បានមានប្រសាសន៍ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងដាណឺម៉ាក គឺមានភាពល្អប្រសើរ និងកាន់តែជិតស្និទ្ធ ហើយតាមរយៈកិច្ចប្រឹងប្រែងរបស់ស្ថានទូតទាំង២ក្នុងការជំរុញការទូតសេដ្ឋកិច្ច ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ព្រមទាំងយុទ្ធសាស្ត្រថៃបូក១ នឹងធ្វើឱ្យមានភាពទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ឱ្យចូលទៅកម្សាន្ត និងធ្វើធុរកិច្ចកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។
ឯកអគ្គរាជទូតដាណឺម៉ាកថ្មីប្រចាំប្រទេសកម្ពុជា ដែលមាននិវាសដ្ឋាននៅក្នុងព្រះរាជាណាចក្រថៃ លោក ចន ថូរហ្គាដ បានមានប្រសាសន៍ថា ការឆ្លងជំងឺកូវីដ១៩ ពីមនុស្សទៅសត្វស្ការ (Mink) ដែលចិញ្ចឹមនៅតាមកសិដ្ឋាន ធ្វើឱ្យប៉ះពាល់ដល់ការនាំចេញពីដាណឺម៉ាកមកកម្ពុជា។ ទោះជាបែបនេះក្តី ប្រមុខការទូតរូបនេះ បានបង្ហាញសុទិដ្ឋិនិយម និងការប្តេជ្ញាចិត្តបន្តជំរុញការទូតសេដ្ឋកិច្ចជាមួយប្រទេសនានារាប់ទាំងកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំហំពាណិជ្ជកម្ម ដោយសារ ឯកឧត្តមជាប្រធានក្រុមឯកអគ្គរាជទូតដាណឺម៉ាក នៃប្រទេសចំនួន១៧ ក្នុងតំបន់អាស៊ាន៕









