ខេត្តកោះកុង កំពុងរៀបចំផែនការអភិវឌ្ឍន៍អេកូទេសចរណ៍សហគមន៍

0

ដោយ ៖ វុត្ថា

កោះកុង ៖ រដ្ឋបាលខេត្តកោះកុង បានបង្កើតកិច្ចប្រជុំពិគ្រោះយោបល់លើសំណើអភិវឌ្ឍន៍អេកូទេសចរណ៍នៅតាមបែបសហគមន៍នានា និងការសាងសង់ផ្ទះស្នាក់របស់សហគមន៍ការពារតំបន់អេកូទេសចរណ៍ធម្មជាតិ ដូចជា ស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះជាដើម។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា ការបង្កើតជាតំបន់អភិវឌ្ឍន៍អេកូទេសចរណ៍គឺជាប្រយោជន៍យ៉ាងច្រើនសម្រាប់ទាំងវិស័យទេសចរណ៍នៅក្នុងខេត្ត ក៏ជាប្រយោជន៍សម្រាប់ប្រជាជនដែលអាស្រ័យផលនៅតាមសហគមន៍ផងដែរ។

នៅក្នុងកិច្ចប្រជុំមួយនេះ លោកក៏បានលើកឡើងពីការពិគ្រោះយោបល់លើសំណើអភិវឌ្ឍន៍អេកូទេសចរណ៍តាមបែបសហគមន៍ និងការសាងសង់ផ្ទះស្នាក់ របស់សហគមន៍ការពារស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះ ដែលមានជំនួយបច្ចេកទេស និងថវិកា ពីអង្គការActionAid International Cambodia ស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលផងដែរ។

កិច្ចប្រជុំ បានពិភាក្សាទៅលើលិខិតបទដ្ឋានគតិយុត្ត នៃការបង្កើតសហគមន៍ ការកំណត់ទីតាំងគម្រោង គម្រោងផែនការសកម្មភាព និងថវិការបស់គម្រោង។ ជាមួយគ្នានេះ ក៏បានលើកទិសដៅអនុវត្តបន្តដោយតម្រូវឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវសិក្សាលក្ខខណ្ឌច្បាប់ឲ្យបានច្បាស់លាស់ស្តីពីការបង្កើតសហគមន៍ការពារស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះ ហើយធ្វើរបាយការណ៍មករដ្ឋបាលខេត្ត ក្នុងដំណាច់ខែវិច្ឆិកានេះ។

ដោយឡែក រដ្ឋបាលស្រុកស្រែអំបិល ត្រូវដឹកការិយាល័យចំណុះ និងអាជ្ញាធរឃុំពាក់ព័ន្ធ ចុះស្រង់ទិន្នន័យប្រជាពលរដ្ឋ និងសិក្សាផលប៉ះពាល់ពីគម្រោង រួចធ្វើរបាយការណ៍មករដ្ឋបាលក្នុងដំណាច់ខែនេះ។ ជាមួយគ្នានេះ ភាគីអង្គការដែលពាក់ព័ន្ធ ត្រូវធ្វើពង្រាងផែនការគម្រោងរបស់សហគមន៍ (ផែនការសកម្មភាព និងថវិកា) ឱ្យបានច្បាស់លាស់ រួចផ្តល់មករដ្ឋបាលខេត្ត ដើម្បីដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here