គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី រង្វង់មូលចោមចៅសម្រេចបាន ៥៨ភាគរយ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅ ដើម្បីបញ្ចៀសជំនន់កកស្ទះចរាចរណ៍ដែលតែងកើតមានជារៀងរាល់ថ្ងៃនោះ ពេលនេះជាលទ្ធផលសម្រេចបានប្រមាណ៥៨ ភាគរយ ហើយនឹងឈានទៅរកការបញ្ចប់ទៅតាមផែនការដែលបានកំណត់ទុក។

តាមរយៈមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបង្ហាញឱ្យឃើញថា ក្រោមសកម្មភាពសាងសង់យ៉ាងមមាញឹកទាំងយប់ទាំងថ្ងៃរបស់ក្រុមអ្នកជំនាញសាងសង់ ជាលទ្ធផលរហូតមកដល់ពេលនេះសម្រេចបានជាងពាក់កណ្តាលនៃគម្រោងសាងសង់ទាំងស្រុង ពោលគឺសម្រេចបានប្រមាណ៥៨ភាគរយ។

មន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ជំនន់នៃការកកស្ទះចរាចរណ៍នៅចំណុចរង្វង់មូលចោមចៅ រហូតដល់ផ្លូវបំបែកជម្ពូរវ័ននៅលើផ្លូវជាតិលេខ៤ និងនៅតំបន់ក្បែររង្វង់មូលមុខបញ្ជាការដ្ឋានទ័ពនៅលើផ្លូវជាតិលេខ៣ ក្បែររង្វង់មូលចោមចៅត្រូវបានកាត់បន្ថយបានមួយចំនួន បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន សម្រេចប្រកាសឱ្យប្រើប្រាស់ផ្លូវក្រោមដីជាបណ្តោះអាសន្ន។

មន្ត្រីរូបដដែលបានអះអាងថា ផ្អែកតាមសកម្មភាពនៃការសាងសង់យ៉ាងយកចិត្តទុកដាក់ និងយ៉ាងសកម្មនាពេល មិនយូរទៀតទេ គម្រោងសាងសង់មួយនេះនឹងអាចរួចរាល់ទាំងស្រុកស្របទៅតាមផែនការដែលកំណត់ ពោលគឺនៅត្រឹមគម្រោងស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នេះគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២១ ខាងមុខនេះ។

បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦កន្លែង រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាននិងកំពុងសម្រុកដំណើរការសាងសង់យ៉ាងសកម្មផងដែរ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ធ្លាប់បានមានប្រសាសន៍ថា ការស្ថាបនាស្ពាននេះមានគោលបំណងដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ក្នុងរាជធានីភ្នំេពញ ព្រោះនៅចំណុចរង្វង់មូលចោមចៅនេះមានភាពកកស្ទះចរាចរណ៍ស្ទើរតែរាល់ថ្ងៃ ទោះបីជាមានការអន្តរាគមន៍ប្រចាំការពីនគរបាលចរាចរណ៍ក៏ដោយ។ លោកថា ចំណុចរង្វង់មូលមានសារៈសំខាន់ណាស់ ព្រោះវាជាផ្លូវដ៏សមខាន់ក្នុងការជួយទ្រទ្រង់ការដឹកជញ្ជូន និងកំណើនសេដ្ឋកិច្ចកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here