ដោយៈហ្សូលី
ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលស្ថិតក្នុងគម្រោងចំណាយប្រមាណ៧.៥០០លានដុល្លារអាមេរិក នឹងត្រូវពន្លឿនការអនុម័តឱ្យចប់សព្វគ្រប់នៅត្រឹមសប្តាហ៍ក្រោយនេះ។
លោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានឱ្យដឹងនៅថ្ងៃទី១៩ វិច្ឆិកានេះថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវរដ្ឋសភាអនុម័តនៅថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីបញ្ជូនសុំការឯកភាពពីព្រឹទ្ធសភា មុនដាក់ថ្វាយទៅអង្គព្រះមហាក្សត្រ បន្ទាប់ពីទទួលបានពីរាជរដ្ឋាភិបាល កាលពីដើមខែវិច្ឆិកានេះ។
ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ លោកបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរាជរដ្ឋាភិបាលស្នើសុំសភាអនុម័តជាការប្រញាប់ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រព្រះហស្ថលេខា យ៉ាងយូរបំផុតឱ្យបានត្រឹមម៉ោង២៤ នៃថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងបើកផ្លូវឱ្យរាជរដ្ឋាភិបាលអនុវត្តន៍ ការងារតាមផែនការគ្រោងទុក។
សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ ត្រូវបានរាជរដ្ឋាភិបាល គ្រោងចំណាយថវិកាថ្នាក់ជាតិប្រមាណ៧.៥០០លានដុល្លារអាមេរិក ត្រូវជា៤៥,៨៥ភាគរយ នៃ ផលិតផលក្នុងស្រុកសរុប(ផ.ស.ស) ដែលថយចុះ១,៩ភាគរយ បើធៀបនឹងឆ្នាំ២០២០នេះ។
លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា គម្រោងថវិកាឆ្នាំ២០២១ ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយរាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងបញ្ហាប្រឈមនឹងសង្គម សេដ្ឋកិច្ច និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ១៩។
យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា ក្នុងឆ្នាំ២០២១ បៀវត្សអប្បបរមារបស់មន្ត្រីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវរក្សាកម្រិតឆ្នាំ២០២០ ដើម្បីសន្សំថវិកាសម្រាប់ទប់ទល់ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយទឹកជំនន់រដូវវស្សាឆ្នាំនេះ សំដៅធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន៕






